(ស្វាយរៀង)៖ អ្នកបើកបរយានយន្តបញ្ច្រាសទិសនៅលើកំណាត់ផ្លូវជាតិលេខ១ ចំនួន៣០នាក់ រួមជាមួយម៉ូតូចំនួន២៩គ្រឿង ត្រូវបានកម្លាំងផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងប្រជាការពារ ឃាត់យកមកធ្វើកិច្ចសន្យា អប់រំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគបាលក្រុងបាវិត​ បានឱ្យដឹងថា កន្លងមកអ្នកបើកបរយាយន្តមួយចំនួនដែលធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត គឺមិនគោរពច្បាប់ចរាចរណ៍ទេ គឺបើកបរយានយន្តបញ្ច្រាសទិសបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ស្ទើររាល់ថ្ងៃ។

អ្នកបើកបរបញ្ច្រាសទិស ភាគច្រើនលើកឡើងថា ប្រញាប់ខ្ជិលបើកវាងទ្រូងផ្លូវ ដោយក្រុងបាវិត បានអភិវឌ្ឍន៍ធ្វើសួនដាក់បង្គោលភ្លើងលម្អផ្លូវនៅពេលយប់ និងចែកផ្លូវទៅមកចៀសវាងការស្ទះចរាចរណ៍ ក៏ប៉ុន្តែអ្នកបើកបរ មិនគោរពច្បាប់ចរាចរណ៍ នៅតែបើកបរបញ្ច្រាសទិស ទើបសមត្ថកិច្ចដឹកនាំកម្លាំងចម្រុះចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ឃាត់អ្នកបើកបរល្មើសយកមកអប់រំ ហើយបើមិនរាងចាលទេ គឺធ្វើការផាកពិន័យទៅតាមច្បាប់តែម្តង។​

សមត្ថកិច្ចបានឱ្យដឹងថា ករណីឃាត់ម្ចាស់ទោចក្រយានយន្តចំនួន ៣០នាក់ និងម៉ូតូ ២៩គ្រឿងយកទៅអធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីធ្វើកិច្ចសន្យានិងអប់រំដល់ពួកគាត់ «ថ្ងៃក្រោយមិនត្រូវបើកបរបញ្ច្រាសទិសទៀតទេ» ហើយឱ្យពួកគាត់ស្រែកថា «ខ្ញុំឈប់បើកម៉ូតូបញ្ច្រាសទិសទៀតហើយ បើលើកក្រោយបើកបញ្ច្រាសទៀត សូមឱ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ចុះ»

ជាមួយគ្នានេះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទាំង៣០នាក់ក៏ទទួលនូវកំហុស ហើយសមត្ថកិច្ចក៏ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ សូមបញ្ជាក់ថា ខេត្តស្វាយរៀង មានករណីគ្រោះថ្នាចរណ៍ស្ទើរតែរាល់ថ្ងៃហើយនឹងមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ដោយសារពលរដ្ឋមួយចំនួន ជិះមិនគោរពច្បាប់ចរាចរណ៍ទើបឱ្យមានគ្រោះថ្នាក់បែបនេះ ហើយកន្លងមកសមត្ថកិច្ចជំនាញ តែងតែចុះអប់រំដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មកររោងចក្រនៅតាមតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្តស្វាយរៀងផងដែរ អំពីច្បាប់ចរាចរណ៍នេះ៕