(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានការបង្រ្កាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជាង ១៨៥គីឡូក្រាម នៅរាជធានីភ្នំពេញ ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានកិច្ចសហការជាមួយ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

មន្ត្រីនគរបាលជាន់ខ្ពស់ មន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ត្រី​ ដោក​ ភិរិទ្ធ​ នាយករងមន្ទីរ និង​វរសេនីយ៍​ឯក យ៉េង​ ប៊ុនណា​ នាយការិយាល័យ ក៧ និងមានការសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ ២គោលដៅ៖ គោលដៅទី១៖ ដីឡូត៍បណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងគោលដៅទី២៖ មុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ឈ្មោះ សេង សុខទី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩១, ឈ្មោះ ខៀវ ចិន្តា ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និងឈ្មោះ ហេង គឹមលាង ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៧៧ (ម្ចាស់ផ្ទះ)។ សម្រាប់វត្ថុតាងដែលចាប់យកបានរួមមាន៖ កេតាមីន (KETAMINE) ទម្ងន់ ១៨៣ ៨២៣.២០ក្រាម (១៨៣គីឡូ និង៨២៣.២០ក្រាម) និងមេតំហ្វេតាមីន(ICE) ទម្ងន់ ១៩៩៦ ក្រាម (១គីឡូ និង៩៩៦ក្រាម)។ សរុបវត្ថុតាងគ្រឿងញៀន៖ ១៨៥ ៨១៩.២០ក្រាម (១៨៥គីឡូ និង៨១៩.២០ក្រាម)។

បច្ចុប្បន្នជនល្មើសទាំង៣នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេលមួយសប្តាហ៍ចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗចំនួន២ករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ បម្រុងនាំចេញទៅក្រៅប្រទេស ក្នុងបរិមាណរាប់រយគីឡូក្រាម ប៉ុន្តែត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕