(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងស្នងការរងទទួលផែន បានបន្ដប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅសណ្ឋាគារ MIN តាមបណ្ដោយផ្លូវ១៧៤ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ប្រតិបត្តិការនេះក្រោយសមត្ថកិច្ចបានចម្លើយសារពីជនសង្ស័យដែលបង្ក្រាបបានកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន៖

*ម្សៅម៉ដ្ឋកញ្ចប់អក្សរ Ferrari ប្រភេទ អុិចស្តាស៊ី (MDMA) ចំនួន៧៥កញ្ចប់
*ម្ស៉ៅកញ្ចប់ពណ៌ក្រហម ចំនួន២កញ្ចប់
*ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៣កញ្ចប់
*ថ្នាំគ្រាប់ WY ចំនួន៣៦គ្រាប់
*កញ្ចប់ពណ៌ក្រហម ម៉ាកSupreme មានចំនួន២កញ្ចប់
*សារធាតុផ្សំគ្រឿងញៀនចម្រុះ ប្រហែល ១០គីឡូក្រាម
*ឧបករណ៍កែច្នៃគ្រឿងញៀន មួយចំនួនធំ
*សំបកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ
*ឧបករណ៍សម្រាប់ផលិតក្រដាសប្រាក់ដុល្លា ក្លែងក្លាយមួយចំនួន
*ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣។

បន្ទាប់មកកម្លាំងនគរបាលជំនាញ បានអញ្ជើញមនុស្ស០៤នាក់ (ស្រី០២នាក់) មកសួរនាំរកព័ត៌មានបន្ថែម។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្រ្កាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុ នៅចំណុចវត្តច្បារអំពៅ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៉ីវ ជាឡេង ភេទស្រី អាយុ១៧ឆ្នាំ ដកហូតបានវត្ថុតាង ថ្នាំញៀនចំនួន០៥កញ្ចប់៕