(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤​ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលមានតម្លៃជិត២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅក្នុង​វត្តសិរីឧត្តម ហៅវត្តជាន់លែង នៅឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក ស៊ូ​ ធឿន​ ប្រធានក្រុមប្រឹក្សាឃុំមានជ័យ ស្រុកសណ្ដាន់ បានឡើងធ្វើរបាយការណ៍អំពីប្រវត្តិនៃការកកើតឡើងនៅវត្តសេរីឧត្តមនេះ ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ១,៧១៧ ដែលមានអាយុកាល ៣០៦ឆ្នាំ  ដោយមានព្រះគ្រូចៅអធិការវត្តចំនួន៥៩អង្គ រួចមកហើយ នឹងបានគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលបានសាងសង់ឡើង ដឹកនាំដោយព្រះតេជគុណព្រះគ្រូ ជួន ពេញ ព្រះចៅអធិការវត្ត រួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ  ដែលមាន​ ឧបដ្ឋានសាលាមួយខ្នងមានទំហំ២០ ម៉ែត្រគុណនិង ៣៣ម៉ែត្រ របងវត្តប្រវែង១៦២ម៉ែត្រ បន្ទប់ទឹកចំនួន៧ បន្ទប់ ចាក់បេតុងក្នុងទីទ្វារវត្តចំនួន៤៧៦០ ម៉ែត្រការ៉េ និងសមិទ្ឋិផលនានា ជាច្រើនទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត នឹងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះតេជគុណ យោតវិរិយោ ជួន ពេញ និងព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទ និងសប្បុរសជននានា  ដែលបានកសាងសមិទ្ធផលដ៏ប្រពៃថ្លៃថ្លានេះទុកជាសម្បត្តិបេតិកភណ្ឌរបស់វត្ត និងជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋតរៀងទៅ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន ថ្លែង​បញ្ជាក់ថា បច្ចុប្បន្ន​ព្រះរាជាណាចក្រកម្ពុជារបស់យើងមានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន  ហើយកំពុងមានដំណេីរការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត​ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងនោះវិស័យអាណាចក្រ មានជាអាទិ៍ ស្ពាន ថ្នល់ សាលារៀន ព្រលានយន្តហោះ មន្ទីរពេទ្យ រោងចក្រ អាគារពាណិជ្ជកម្មធំៗខ្ពស់ៗកប់ពពក​។ ដោយឡែកក្នុងវិស័យពុទ្ធចក្រ​ ក៏បានដំណើរការរីកចម្រើនគ្រប់ទីកន្លែង  ដែលបច្ចុប្បន្ននេះវត្តអារាមនៅទូទាំងប្រទេសមានរហូតដល់ទៅជាង ៥.០០០វត្ត និងមានព្រះសង្ឃគង់នៅជាង ៧០.០០០អង្គ។

នៅក្នុងពិធីសម្ពោធនិងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសមិទ្ធផលនានានៅក្នុងទីវត្តអារាមនេះ ឧត្តមសេនីយ៍ទោ​សោម ស៊ុន បាននាំមកនូវថវិការបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ រួមជាមួយនឹងក្រុមការងារចុះមូលដ្ឋានស្រុកសណ្តាន់ចំនួន១១ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃនៅក្នុងពិធីនេះផងដែរ៕