(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងកំពុងតែរៀបចំនូវការផ្តល់សេវាសាធារណៈរបស់ក្រសួង តាមរយៈអនឡាញដើម្បីជំរុញការផ្តល់សេវាឱ្យកាន់តែលឿន និងឆ្លើយទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលឌីជីថល។

លោក ហែម វណ្ណឌី ថ្លែងដូចនេះ ធ្វើឡើងនៅសន្និសីទសារព័តមាននា ព្រឹកថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។

លោកបន្ថែមថា «នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះបងប្អូនប្រហែលជាលែងមានជំរើសមកសុំដាក់ពាក្យស្នើសុំទៀតហើយ សូម្បីតែបែបបទគយអីនេះ ក៏ឈានទៅប្រព័ន្ធ អាស៊ីកូដា ប្រព័ន្ធស៊ីងហ្កលវីនដូរដែរ ពីព្រោះយើងត្រូវការធ្វើការជាមួយបណ្តាប្រទេសផ្សេងៗ។ ប្រទេសគេ គេលែងប្រើក្រដាស គេលែងប្រើមនុស្សរត់ការអីហើយ គឺគេប្រើប្រព័ន្ធអូតូមេសិនទាំងអស់។ អ៊ីចឹងយើងក៏ត្រូវទៅតាមហ្នឹង»

លោកមានលើកឡើងទៀតថា ហេតុដូច្នេះហើយបានជាទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២នេះក្រសួងបានខិតខំប្រមូលផ្តុំSME ដើម្បីឱ្យពួកគេយល់ច្បាស់អំពីវឌ្ឍនៈភាពនៃការជំរុញវិស័យឌីជីថលនេះ៕