(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ខិតខំចាប់យកឱកាស សិក្សាស្វែងយល់រៀនសូត្រ សហការបង្កើតនូវនវានុវត្ដថ្មីៗ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហែម វណ្ណឌី អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ពិធីបើកទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍» នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

លោក ហែម វណ្ណឌី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានជាការអំពាវនាវ សង្ឃឹមថា ម្ចាស់អាជីវកម្ម លោកគ្រូ-អ្នកគ្រូ បងប្អូនអ្នកស្រាវជ្រាវ សិក្សានុសិស្ស និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ហើយក៏ដូចជាក្រុមហ៊ុន ដែលបានចូលរួមតាំងពិព័រណ៍ និងខិតខំចាប់យកឱកាស ដើម្បីការសិក្សាស្វែងយល់រៀនសូត្រ សហការបង្កើតនូវវានុវត្តន៍ថ្មីៗថែមទៀត»

លោក ហែម វណ្ណឌី បានលើកឡើងថា ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ជាឱកាសដ៏កម្រសម្រាប់ម្ចាស់អាជីវកម្ម លោកគ្រូអ្នកគ្រូ អ្នកស្រាវជ្រាវសិស្សានុសិស្ស និងវិស័យឯកជនដៃគូ អភិវឌ្ឍន៍របស់កម្ពុជា ចូលរួមចែករំលែក ហើយក៏ដូចជាអនុវត្តរួមគ្នា ដើម្បីនៃការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សង្ឃឹមថា តាមរយៈទិវានេះ គឺអាចផ្លាស់ប្តូរនូវគំនិតបទពិសោធន៍ ហើយក៏ដូចជាផែនការ សម្រាប់សហប្រតិបត្តិការជាមួយដៃគូ ដូចជាបណ្ដាប្រទេស ដែលកម្ពុជាបានធ្វើសហប្រតិបត្តិការ ជាមួយជាក់ស្តែង។

លោក ហែម វណ្ណឌី ក៏បានស្នើដល់អ្នកចូលរួម ជួយគ្នាគិត ថាតើអាចមាននូវបច្ចេកវិទ្យាអ្វី ដើម្បីយកទៅអនុវត្តយកទៅពង្រឹង យកទៅពង្រីក យកទៅលើកកម្ពស់ផលិតភាព និងអាជីវកម្មទាំងអស់គ្នា ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច អភិវឌ្ឍន៍សហគ្រិនភាព ឲ្យទទួលបានជោគជ័យ ហើយឈានទៅដល់២០៣០ និង២០៥០ ដោយមោទនភាព។

បើតាមលោក ហែម វណ្ណឌី បានឲ្យដឹងថា ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំនេះ ក្រសួងបានជ្រើសយកប្រធានបទ «សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលបំណងជំរុញផលិតភាពរបស់​សហ​គ្រាស​ឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និង​គុណតម្លៃបន្ថែម។

លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងផងដែរថា ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មាន​រយៈ​ពេល៣ថ្ងៃនេះ មានគោលបំណងសំខាន់ចំនួន៤រួមមាន៖

ទី១៖ បណ្តុះស្មារតីស្រឡាញ់ និងការស្វែង​យល់​អំពី​វិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់,
ទី២៖ ជំរុញកិច្ចសហប្រតិបត្តិការរបស់​តួអង្គពាក់​ព័ន្ធ​ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,
ទី៣៖ បំផុសឲ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង​ចំណោម​តួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន
និងទី៤៖ បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម។

បើតាមលោករដ្ឋមន្ត្រី ទិវាជាតិលើកទី២នេះ មានព្រឹត្តិការណ៍អមចំនួន ៥ រួមមាន៖ (១) ពិព័រណ៍បច្ចេក​វិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, (២) ពិព័រណ៍វិទ្យាសាស្ត្រ, (៣) វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, (៤) ពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម, និង (៥) កម្មវិធីប្រកាសចាប់ផ្តើម «ពានរង្វាន់​នវានុវត្តន៍​សម្រាប់​វិស័យសាធារណៈ»

ក្នុងនោះ កម្មវិធីពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល នឹងមានការតាំងបង្ហាញឧបករណ៍ និង/ឬបច្ចេកវិទ្យាផ្សេងៗ ដែលបម្រើឱ្យការអភិវឌ្ឍផលិតកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូច​ និង​មធ្យម រួមមាន៖ ម៉ាស៊ីនគ្រឿងយន្ត គ្រឿងឧបករណ៍គាំទ្រសហគ្រាសពាក់ព័ន្ធ ផលិត ឬផ្គត់ផ្គង់ វត្ថុធាតុ​ដើម ប្រឹក្សាយោបល់ផ្នែកវិស្វកម្ម ការថែទាំ ជួសជុល និងបណ្តុះបណ្តាល ប្រឹក្សាបទបញ្ញត្តិ សហគ្រាស​ធុន​តូច និងមធ្យម និងដំណោះស្រាយឌីជីថល និងហិរញ្ញវត្ថុ។

កម្មវិធីនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដោយបើកជូនសាធារណៈ​ជន ជាពិសេសអាជីវករដែលជាតំណាងមកពីសហគ្រាសធុនតូច និងមធ្យមជាដើម។ ស្តង់តាំងពិព័រណ៍​មានចំនួន ២២៨ និងស្តង់ម្ហូបអាហារ និងភេសជ្ជៈចំនួន ១៥។ អ្នកចូលរួមតាំងពិព័ណ៌រួមមាន៖ ស្ថាប័ន សាធារណៈ វិស័យឯកជន ដែលមានភាគច្រើនជាសហគ្រាសធុនតូចនិងមធ្យម គ្រឹះស្ថានអបរំ និងឧត្តមសិក្សា ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍៕