(កំពង់ឆ្នាំង)៖ ជនសង្ស័យ២នាក់ ម្នាក់ជាឃាតករ និងម្នាក់ទៀតជាអ្នកសមគំនិតត្រូវបានសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្ត ចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយសម្លាប់ស្ត្រីម្នាក់ និងដឹកយកទៅបោះចោល ទាំងកណ្ដាលយប់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក សេង ចន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅវេលាម៉ោង៧៖២០ នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់ស្លាប់នៅចំណុចមាត់លូបឹងរលាំង ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ និងបានរាយការជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្នុងមូលដ្ឋាន បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យ។

លុះព្រឹកឡើងថ្ងៃទី២៣ ខែមីនា កម្លាំងនៃអធិការដ្ឋានស្រុកសាមគ្គីមានជ័យ បន្តសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់កំណត់បានមុខសញ្ញាជនដៃដល់ និងជនសមគំនិតដោយបាននាំជនសង្ស័យទាំងពីរនាក់ខាងលើនេះ មកធ្វើ ការសាកសួរទើបជននេះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តដោយបានសម្លាប់ប្រពន្ធរបស់ខ្លួន ហើយដឹកយកទៅទម្លាក់ចោលនៅចំណុចខាងលើ ដើម្បីបង្វែងដានពិតប្រាកដមែន។

នៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យជាប្ដីបានសារភាពថា នៅ មុនពេលកើតហេតុខ្លួន និងមិត្តភក្តរបស់ខ្លួនម្នាក់ទៀតបានអង្គុយហូបស្រា២នាក់ នៅក្នុងផ្ទះជនរងគ្រោះ (ប្រពន្ធ) ខណៈដែលកំពុងអង្គុយផឹកជាមួយមិត្តភ័ក្រ ខ្លួនជាប្ដីក៏បានយកទូរសព្ទរបស់ប្រពន្ធមកចុចលេងខណៈនោះប្រពន្ធក៏បានទារយកទូរសព្ទទៅវិញដោយមិនចង់ឲ្យប្ដីយកទូរសព្ទរបស់ខ្លួនទៅចុចលេង ក៏បានបង្កទំនាស់ជាពាក្យសំដីរហូតឈានដល់សម្លាប់ប្រពន្ធខ្លួនឯងតែម្ដង។

ស្ត្រីរងគ្រោះឈ្មោះ មិត ធា អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅជាមួយបុរសជាប្តីឈ្មោះ វ៉ាន់ វិរៈ អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើត ហេតុខាងលើ។ នៅលើសាកសពសមត្ថកិច្ចជំនាញរកឃើញស្នាមដាល់ចំភ្នែក និងច្របាច់ក ដោយមានស្នាមក្រចកបណ្ដាលឲ្យស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់ បន្ទាប់មកជនដៃដល់ និងមិត្តភ័ក្រឈ្មោះ គឹម ខឿន អាយុ៣៣ឆ្នាំ ក៏បានដឹកសពស្ត្រីរងគ្រោះតាមម៉ូតូយកមកទម្លាក់ចោលនៅក្បែរលូ ចំណុចខាងលើ ដែលមានចម្ងាយប្រមាណជា៤០០ម៉ែត្រពីកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យជាឃាតក និងបក្ខពួកម្នាក់ទៀត ជាអ្នកសមគំនិត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនមកស្នងការនគបាលខេត្ត ដើម្បីកសាងឯសំណុំឯកសារបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់៕