(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

រាជរដ្ឋាភិបាលកម្ពុជា មានក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រពទីក្រុងមូស្គូនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤។ រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារដ៏សាហាវ ឃោរឃៅនេះ។

រាជរដ្ឋាភិបាលកម្ពុជា ក៏សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ហើយសូមជូនពរឱ្យអ្នករងរបួសទាំងអស់បានជាសះស្បើយឆាប់រហ័ស។

កម្ពុជាធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា ទង្វើភេរវកម្មណាក៏ដោយគឺជាបទឧក្រិដ្ឋដែលមិនអាចមានហេតុផលណាមួយជាសំអាងបានឡើយ ទោះបីជាប្រព្រឹត្តក្នុងគោលបំណងណាមួយនិងដោយបុគ្គលណាក៏ដោយ។ យើងសូមសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនរុស្ស៊ីនៅក្នុងអំឡុងពេលវេលាដ៏ក្រៀមក្រំនេះ៕