(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន, មានភាពធន់ និងចីរភាព ចាំបាច់ត្រូវចូលរួមអនុវត្តនូវកត្តាសំខាន់ៗដូចជា ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ជំរុញបន្ទាន់ចំពោះការផ្ទេរបច្ចេកវិទ្យា, ការផ្ទេរបច្ចេកវិទ្យាអាទិភាព, ការជំរុញឱ្យមានរំហូរអ្នកមានទេពកោសល្យ និងការរៀបចំបរិស្ថានល្អ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូចនេះ នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤នេះ នាអញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន មានភាពធន់ និងចីរភាព ចាំបាច់ត្រូវចូលរួមអនុវត្តនូវកត្តាសំខាន់ៗរួមមាន៖

* ទី១៖ ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគតាមរយៈជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ទៅលើវិស័យដែលមានបច្ចេកវិទ្យាជាមូលដ្ឋាន ឬ តម្លៃបន្ថែមខ្ពស់ ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម,

* ទី២៖ ជំរុញបន្ទាន់ចំពោះការផ្ទេរបច្ចេកវិទ្យាតាមរយៈខ្សែបណ្ដោយរវាងសហគ្រាស និងសហគ្រាស -horizontal model

* ទី៣៖ ការផ្ទេរបច្ចេកវិទ្យាអាទិភាព, ចំណេះដឹង និងចំណេះធ្វើ, ការបណ្ដុះបណ្តាលជំនាញឡើងវិញ (Re-skilling) និងការលើកកម្ពស់ជំនាញ (Upskilling),

* ទី៤៖ ការជំរុញឱ្យមានរំហូរអ្នកមានទេពកោសល្យ (Talent Mobility) និងការជំរុញឌីជីថលូបនីយកម្ម ប្រកបដោយបរិយាប័ន្ន,

* ទី៥៖ ការរៀបចំបរិស្ថានល្អ ដើម្បីរក្សានិងទាក់ទាញអ្នកដែលមានទេពកោសល្យ (Talent Grant)

ជាមួយគ្នានោះដើម្បីជម្រុញឱ្យមានការចូលរួមការអនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការពង្រឹងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យកាន់តែរឹងមាំបន្ថែមទៀត សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ក៏ផ្តល់នូូវអនុសាស្ត្រណែនាំបន្ថែមជាច្រើនចំណុចដល់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕