(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ដោយដាក់ចេញនូវការណែនាំ ប្តូរទម្លាប់ពីការធ្វើការជាលក្ខណៈសាយឡូដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ស្មារតីសហការគ្នា ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះដើម្បីជំរុញឱ្យការចូលរួមអនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការពង្រឹងក្រុមប្រឹក្សាភិបាលជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យកាន់តែរឹងមាំ ខ្ញុំផ្តល់អនុសាសន៍ណែនាំ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ទី១បន្តពង្រឹងអភិបាលកិច្ចលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមបទដ្ឋានគតិយុត្ត ជាធរមាន ខណៈយើងមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាភិបាលជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័នមានសមត្ថកិច្ចគតិយុត្តលើវិស័យនេះ ដូច្នេះខ្ញុំសូមដាក់ចេញនូវការណែនាំ ប្តូរទម្លាប់ពីការធ្វើការជាលក្ខណៈសាយឡូដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ស្មារតីសហការគ្នា ក្នុងអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល»។

ជាមួយគ្នានេះ សម្តេចធិបតី បានបន្តថា ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន, មានភាពធន់ និង ចីរភាព ចាំបាច់ត្រូវចូលរួម អនុវត្តនូវកត្តាសំខាន់ៗរួមមាន៖

១៖ ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈ ជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ទៅលើវិស័យដែលមានបច្ចេកវិទ្យាជាមូលដ្ឋាន ឬ តម្លៃបន្ថែមខ្ពស់ ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាដើម
២៖​ ជំរុញបន្ទាន់ ចំពោះការផ្ទេរបច្ចេកវិទ្យាតាមរយៈខ្សែបណ្ដោយ (រវាងសហគ្រាស និង សហគ្រាស-horizontal model),
៣៖ ការផ្ទេរបច្ចេកវិទ្យាអាទិភាព, ចំណេះដឹង និង ចំណេះធ្វើ, ការបណ្ដុះបណ្តាល ជំនាញឡើងវិញ (Re-skilling) និង ការលើកកម្ពស់ជំនាញ (Upskilling),
៤៖ ការជំរុញឱ្យមាន រំហូរអ្នកមានទេពកោសល្យ (Talent Mobility) និង ការជំរុញឌីជីថលូបនីយកម្ម ប្រកបដោយ បរិយាប័ន្ន,
៥៖ ការរៀបចំបរិស្ថានល្អ ដើម្បីរក្សា និងទាក់ទាញអ្នកដែលមានទេពកោសល្យ (Talent Grant)។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ ដែលជាកត្តាសត្យានុម័តមិនអាចខ្វះបាន៕