(ភ្នំពេញ)៖ ក្លឹបកម្សាន្ត MOB ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៨ រុក្ខវិថីសម្តេចប៉ាន (២១៤) ផ្ទះលេខ៥០ ភូមិទី២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅតែបង្កសំលេងរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាងជារៀងរាល់ថ្ងៃ បើទោះបីអាជ្ញាធរខណ្ឌចុះទៅអប់រំ ណែនាំជាច្រើនលើកច្រើនសារក៏ដោយ។

បើតាមលោកស្រី ង៉ោ ហ៊ាង ជាប្រជាពលរដ្ឋរស់នៅក្បែរក្លឹបកម្សាន្ត MOB នៅតែបញ្ជាក់ថាក្លឹបកម្សានេះតែងតែបង្កសំលេងច្រៀងខ្លាំងៗនៅពេលយប់ដែលធ្វើឱ្យរំខានដល់អ្នកស្នាក់នៅជិតក្លឹបកម្សាន្តនេះ។

នៅក្នុងពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ លោកស្រី ង៉ោ ហ៊ាង បានបញ្ជាក់ថា៖ «សម្រាប់បញ្ហាសំលេងកងរំពងនេះ មានជារៀងរាល់ថ្ងៃចាប់ពីម៉ោង១១យប់រហូតដល់ម៉ោង២ ឬ៣ភ្លឺរំលងអាធ្រាត្រ។ អាស្រ័យដូចបានរៀបរាប់ខាង លើនាងខ្ញុំសុំស្នើឱ្យជួយដោះស្រាយបញ្ហានេះជៀសវាងបញ្ហាអាចរីកកាន់តែធំទៅថ្ងៃមុខ»។

លោកស្រី បានគូសបញ្ជាក់ថា បើទោះបីមានកំណត់ហេតុពីអាជ្ញាធរខណ្ឌដូនពេញ ដោយណែនាំឱ្យខាងម្ចាស់ក្លឹបកម្សាន្តនេះបន្ថយសំលេង និងផ្អាកអាជីវកម្មយ៉ាណាក៏ដោយ នៅតែម្ចាស់ក្លឹបនេះមិនគោរពតាមកិច្ចសន្យា ហើយនៅតែគឃ្លើនជាមួយអាជ្ញាធរដដែល។

លោកស្រីបានស្នើសុំរកអន្តរាគមន៍ដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌដូនពេញ មេត្តាមានវិធានការលើទីតាំងក្លឹបកម្សាន្តដែលបង្កសំលេងរំខានអស់ជាច្រើនឆ្នាំមកហើយ ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅជិតក្លឹបកម្សាននេះ៕