(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេច ព្រះអង្គម្ចាស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងសមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមពិធីបុណ្យសព លោក ឃួន ផល្លារិទ្ធ ត្រូវជាប្អូនបង្កើតរបស់សម្ដេច។

តាមរយៈសារលិខិត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមក្រុមគ្រួសារសព និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេច ព្រះអង្គម្ចាស់ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ក៏ដូចជាសមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងបច្ច័យចូលរួមជួយជ្រោមជ្រែងក្នុងពិធីបុណ្យសព លោក ឃួន ផល្លារិទ្ធ ត្រូវជាប្អូនបង្កើតរបស់ខ្ញុំ ដែលបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមទៅតាមគន្លងប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជាតិយើង ចាប់តាំងពីថ្ងៃពិធីបុណ្យចាប់ផ្តើម រហូតដល់ពិធីបុណ្យត្រូវបានចប់សព្វគ្រប់»

សម្តេចប្រធានរដ្ឋសភា បានបន្ដថា វត្តមាន និងវិភាគទានដ៏ថ្លៃថ្លារបស់ សម្តេច ព្រះអង្គម្ចាស់ លោក លោកស្រី បានផ្តល់នូវភាពកក់ ក្តៅ ជាមួយនឹងមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ ក៏ដូចជាការផ្តល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តម ពុំអាចកាត់ថ្លៃបាន ដល់ក្រុមគ្រួសាររបស់ខ្ញុំ។ សណ្តានចិត្តដ៏ល្អប្រពៃនេះធ្វើឱ្យខ្ញុំ និងក្រុមគ្រួសារនៃសព ពិតជា មានក្តីរំភើបឥតឧបមា និងសូមសម្តែងនូវកត្តញ្ញូកតវេទិតាធម៌ ព្រមទាំងការចងចាំក្នុងដួងចិត្តជានិច្ច។

ជាថ្មីម្ដងទៀត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រ កម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរ ជូនចំពោះ សម្តេច ព្រះអង្គម្ចាស់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕