(កំពត)៖ លោកបណ្ឌិត ម៉ៅ​ កំពត អភិបាលខេត្តកំពត បានអំពាវនាវឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធត្រូវបន្តសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយបំផុសស្មារតី ជុំវិញការចូលរួមថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ឲ្យបានគង់វង្សយូរអង្វែង ព្រោះថាវប្បធម៌ជាដួងព្រលឹងរបស់ជាតិសាសន៍របស់យើងទាំងអស់គ្នា។

ការណែនាំដូចនេះខណៈប្រធានក្រុមប្រឹក្សាខេត្ត ញ៉ូវ សាឯម និងលោកអភិបាលខេត្ត ម៉ៅ ធនិន ចូលរួមជាអធិបតីភាព ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា សម្បត្តិ វប្បធម៌ អរីយធម៌ខ្មែរ ផូរផង់ ខ្ពង់ខ្ពស់ខ្លាំងណាស់ ហើយជាតិសាសន៍ណាក៏ចង់បានដែរ ដូច្នេះប្រជាពលរដ្ឋ ពិសេសយុវជនត្រូវចូលរួមយកចិត្តទុកដាក់ បំផុសស្មារតី ផ្សព្វផ្សាយសាបព្រោះ ឱ្យកូនខ្មែរយើងទាំងអស់គ្នាជ្រួតជ្រាប ចេះស្គាល់ ស្រលាញ់ អភិរក្សសម្បត្តិវប្បធម៌ខ្មែរ សម្រាប់មនុស្សជំនាន់ក្រោយ ហើយក៏អាចចូលរួមពាក់ព័ន្ធជុំវិញលើវិស័យទេសចរណ៍ សម្រាប់ប្រទេសជាតិយើងតទៅ ថ្ងៃអនាគតយូរអង្វែងផងដែរ។ 

លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត បានលើកឡើងថា មន្ទីរបានបន្តការពាបុរាណស្ថាន រួមមាន៖ ប្រាសាទ សំណង់បាក់បែកនៃប្រាសាទ ស្ថានីយ៍បុរេប្រវត្តិ ទួលអង្គបុរាណ វត្តបុរាណ ចេតិយបុរាណ ស្រះបុរាណ និងបុរាណស្ថានផ្សេងៗទៀត។

ជាមួយគ្នានោះ ក្រុមការងារបានបន្តស្រាវជ្រាវបុរាណស្ថានថ្មីៗបន្ថែម ដើម្បីចុះបញ្ជីសារពើភណ្ឌ ស្ថានីយ៍បុរាណវិជ្ជា បានបញ្ចប់ការធ្វើផែនទីបុរាណស្ថាន និងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបុរាណស្ថានទូទាំងខេត្ត បានចំនួន ៣១៥ទីតាំង សំណង់អគារ ផ្ទះល្វែង ស្ពាន ឡដុតសម័យអាណានិគមបារាំង សរុបបានចំនួន ៣៩៥កន្លែង ដើម្បីបញ្ចូលទៅក្រសួងបន្ថែមទៀត។

មន្ទីរបានបោះបង្គោលការពារបុរាណស្ថាន ដែលប្រឈមខ្លាំង បានចំនួន៣ ក្រុង-ស្រុក បានកសាងសលាកបត្រស្ថានីយ៍បុរាណ បាន៤ក្រុង-ស្រុកស្មើនឹង ៧៩ បុរាណស្ថាន ទួលអង្គ៧៦ និងវត្តចំនួន៣ និងបានទទួលបានប្លង់ កម្មសិទ្ធិ បុរាណស្ថានចំនួន ៤៣ប្លង់រឹង។

មន្ទីរក៏បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពស្ថិតិបិតិកភណ្ឌវប្បធម៌អរូបី ដល់ក្រុមសិល្បៈមហាជន បានចំនួន២២០ក្រុម ដើម្បីចុះក្នុងបញ្ជី មានដូចជា ចាប៉ីដងវែង ខ្សែដៀវ ភ្លេងអារក្ខ កន្ទ្រាំមីងជាដើម ហើយមន្ទីរក៏បានបណ្តុះបណ្តាល បង្ហាត់បង្រៀនរបាំ និងតូរ្យតន្ត្រីបុរាណដល់យុវជនផងដែរ៕