(ភ្នំពេញ)៖​ លោកស្រី​ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះបានដឹកនាំកិច្ចប្រជុំ គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធ ជាសមាជិក សមាជិកាគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើតារាងកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅលើកកម្ពស់សុក្រឹតភាព ក្នុងការចងក្រង កត់ត្រា បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌ ឱ្យកាន់តែមានភាពលម្អិត ត្រឹមត្រូវច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ទៅតាមនីតិវិធីដែលបានកំណត់ ដើម្បីរៀបចំដាក់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិនិត្យ និងសម្រេច។

លោកស្រីរដ្ឋលេខាធិការប្រចាំការ ក្នុងនាមប្រធានគណៈកម្មការ ក៏បានផ្តល់អនុសាសន៍ឱ្យរៀបចំជានីតិវិធីប្រតិបត្តិការស្តង់ដាររួមមួយ និងត្រៀមរៀបចំការបណ្តុះបណ្តាលដល់ជនបង្គោល តាមបណ្តាអង្គភាពនានាដែលជាអ្នកអនុវត្តផ្ទាល់ ដោយមានការចូលរួមពីអ្នកតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជំរុញប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរ៕