(ភ្នំពេញ)៖ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តពលរដ្ឋ ឲ្យប្រើប្រាស់រថយន្តថ្មីទំនើបបែបអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបររិយាកាស ប៉ះពាល់បរិស្ថាន និងសន្សំសំចៃថវិកា ទៅលើការចំណាយប្រេងឥន្ទនៈ។

លោកថ្លែងបែបនេះធ្វើឡើងនៅក្នុងកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្តដ៏ទំនើប សម្ពោធរថយន្តអគ្គិសនីម៉ូដែល ES និងការប្រកាសវត្តមានព្រះនាងនរោត្ដម ជេណា ជារាជទូតសុឆន្ទៈ ហើយទីតាំងអគារតាំងបង្ហាញរថយន្តដ៏ទំនើបនេះ គឺទល់មុខទីស្តីគណៈរដ្ឋមន្រ្តី។ លើសពីនេះ ក្នុងពិធីសម្ពោធរថយន្តអគ្គិសនីថ្មីនេះដែរ ក៏មានការចុះហត្ថលេខារវាងព្រះនាងនរោត្តម ជេណា ជារាជទូតសុឆន្ទៈ និងលោកស្រី ចាន់គុយ ឃឹម អគ្គនាយិការនៃAION Cambodia ។

នាយឧត្ដមសនីយ៍ ស ថេត បានថ្លែងថា ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយច្បាស់លាស់ ក្នុងនោះមុំសំខាន់ គឺ កម្មវិធីលើកស្ទួយសេដ្ឋកិច្ច ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណុលមធ្យមកម្រិតខ្ពស់។

លោក ស ថេត បានបន្តទៀតថា ការអភិវឌ្ឍ គឺត្រូវការសហការគ្នា ដោយមិនអាចខ្វះគ្នាបានឡើយរវាងរដ្ឋនិងឯកជន ហើយការនាំចូលរថយន្តអគ្គិសនីAION ដែលមានបច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន GAC លំដាប់ពិភពលោក នឹងជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក ស ថេត បានលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមប្រើប្រាស់រថយន្តអគ្គិសនីនេះ ឲ្យបានច្រើន ដើម្បីកាត់បន្ថយការបំពុលបរិយាកាសប៉ះពាល់សុខភាពមនុស្ស និងផែនដី ហើយដោយទ្បែកក្រុមហ៊ុន ក៏ត្រូវបង្កើនទីតាំងសាកអគ្គិសនីឲ្យបានច្រើន ដើម្បីបង្កើនទំនុកចិត្តសម្រាប់អតិថិជនដែលជឿរទុកចិត្ត ដោយគ្មានហានិភ័យលើបញ្ហាបញ្ចូលអគ្គសិនី ព្រោះការលក់ផលិតផលគឺត្រូវផ្ដោតលើគុណភាព សេវាកម្ម និងការធានាបានសុវត្ថិភាពដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត។

អគ្គនាយករងក្រុមហ៊ុនAION Cambodia លោក ម៉េង ហ៊ុយ បានថ្លែងថា ការប្រើប្រាស់រថយន្តអគ្គិសនី នឹងជួយដល់បរិស្ថាន និងសន្សំសំចៃថវិកាដែលអាចរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ ហើយរថយន្តអគ្គិសនីម៉ាកAION ដែលជាប់លក្ខណៈលេខ១ នៅប្រទេសចិន និងលេខ៣ នៅទូទាំងពិភពលោក មានលក្ខណៈទំនើបទាន់សម័យស្របទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ។

លើសពីនេះ លោក ម៉េង ហ៊ុយ បានបន្ថែមទៀតថា នាពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងច្រើន ពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលនេះគឺជាផ្លាស់ប្តូរផ្នត់គំនិតនៃប្រើប្រាស់រថយន្ត ហើយក្រុមហ៊ុន មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ការវិនិយោគការនាំចូលអគ្គិសនីម៉ាក AIONនេះ។

ពាក់ព័ន្ធវិស័យយានយន្តនេះដែរ បើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅកម្ពុជាក្នុងឆ្នាំ២០២៣ ប្រមូលចំណូលបានប្រមាណ ៩ពាន់ប៊ីលានរៀល ស្មើប្រមាណជាង ២ពាន់លានដុល្លា ថយចុះ១៥ភាគរយ ធៀបឆ្នាំ២០២២ ក្នុងនោះគិតប្រភេទពន្ធអាករបានបង្ហាញថា ការប្រមូលចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួនជាង៣១ភាគរយ នៃចំណូលសរុបរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ដោយមើលឃើញពីការងើបទ្បើងវិញកំណើនសេដ្ឋកិច្ចកម្ពុជា នៃដំណើរការអាជីវកម្មក្នុងស្រុក គាំទ្រដោយវិស័យសំខាន់ៗដូចជា៖ វិស័យទេសចរណ៍ ការបញ្ជារទិញផលិតផលឧស្សាហកម្មកាត់ដេរពីសហភាពអឺរ៉ុប សេវាកម្ម សិប្បកម្ម កសិកម្ម ជាពិសេសរយៈពេល ៦ខែមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ត្រឹមរយៈពេល ៦ខែ បានទាក់ទាញគម្រោងវិនិយោគ១៧៣គម្រោង ដែលបានចុះបញ្ជីជាស្ថាបពរ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ទុនវិនិយោគប្រមាណជាង៤ពាន់លានដុល្លា ឆ្នាំ២០២៤៕