(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឱ្យមន្ដ្រីបច្ចេកទេសកសិកម្មឃុំ ទាំង១៧នាក់ ដែលនឹងចុះបំពេញការងារឆាប់ៗខាងមុខនេះ ត្រូវក្តាប់ការងារ និងស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច និងការផ្ដល់បច្ចេកទេសកសិកម្ម ដល់ប្រជាកសិករ ជាពិសេសត្រូវបង្កើនកិច្ចសហការល្អ ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីប្រជាកសិករ។

លោកអភិបាលខេត្ត បានណែនាំបែបនេះ នៅសាលប្រជុំជាន់ទី១ សាលាខេត្តពោធិ៍សាត់ ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីបច្ចេកទេសកសិកម្មឃុំ ចំនួន១៧នាក់/១៧ឃុំ/៤ស្រុក រួមមានស្រុកបាកាន ស្រុកកណ្តៀង ស្រុកក្រគរ និងស្រុកតាលោសែនជ័យ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក ឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បើតាមលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ស្ថានភាពទូទៅ សម្រាប់ខេត្តពោធិ៍សាត់ បានទទួលមន្ត្រីបច្ចេកទេសកសិកម្មឃុំ ចំនួន១៧នាក់ ក្រោយពីបានប្រលងជាប់ជាស្ថាពរ ក្របខណ្ឌឆ្នាំ២០២៣ និងបានបណ្តុះបណ្តាលវគ្គតម្រង់ទិសដំបូងរួចហើយ ដែលបានរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំពោះមន្ត្រីបច្ចេកទេសកសិកម្មឃុំ ត្រូវទៅបម្រើការងារ ទៅតាមឃុំ រួមមាន ១៧នាក់/១៧ឃុំ/៤ស្រុក ដែលនឹងអនុវត្តការងារចាប់ពីខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៤នេះ រួមមាន៖ ស្រុកបាកាន «ឃុំបឹងបត់កណ្តាល ឃុំមេទឹក ឃុំអូរតាប៉ោង ឃុំរំលេច និងឃុំត្រពាំងជង»។ ស្រុកកណ្តៀង «ឃុំស្យា ឃុំកញ្ជរ ឃុំស្រែស្តុក ឃុំកោះជុំ និងឃុំស្វាយលួង»។ ស្រុកក្រគរ «ឃុំឈើតុំ ឃុំស្វាយស ឃុំក្បាលត្រាច ឃុំអូរសណ្តាន់ និងឃុំត្នោតជុំ»។ ស្រុកតាលោសែនជ័យ «ឃុំតាលោ និងឃុំផ្ទះរុង»

លោកប្រធានមន្ទីរបន្តថា មន្ត្រីបច្ចេកទេសកសិកម្មឃុំ មានតួនាទី ជាអ្នកសម្របសម្រួល រវាងកសិករ និងភាគីពាក់ព័ន្ធ ដើម្បីទទួលបានសេវាគាំទ្រ និងដោះស្រាយបញ្ហាប្រឈមនានា។ មន្ត្រីបច្ចេកទេសកសិកម្មឃុំ មានភារកិច្ច៖
ទី១៖ កំណត់បញ្ហាប្រឈមជាក់ស្តែងរបស់កសិករ តាមស្ថានភាពជាក់ស្តែង តាមតំបន់,
ទី២៖ រាយការណ៍បញ្ហាប្រឈម មកជំនាញតាមឋានុក្រម ដើម្បីដាក់ចេញនូវដំណោះស្រាយ ឱ្យទាន់ពេលវេលា,
ទី៣៖ គាំទ្រដល់ការអនុវត្តដោះស្រាយ ដែលបានផ្តល់ជូនកសិករ,
ទី៤៖ សម្របសម្រួលក្នុងគោលដៅផ្សារភ្ជាប់នឹងពង្រីកសហគមន៍កសិកម្ម ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ឆ្ពោះទៅទីផ្សារ,
ទី៥៖ ប្រមូលទិន្នន័យកសិកម្ម។

សម្រាប់តម្រូវការមន្ត្រីបច្ចេកទេសកសិកម្ម ឃុំ-សង្កាត់ ផ្អែកតាមស្ថានភាពភូមិសាស្ត្រ មុខរបរចំបង និងតម្រូវការចាំបាច់ ដាក់ឲ្យបំពេញការងារតាមបណ្តា ឃុំ-សង្កាត់ បន្ថែមនៅទូទាំងខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៤ ចំនួន២៩នាក់/២៩ឃុំ/សង្កាត់ ក្នុង៦ក្រុង/ស្រុក។ បូកយោងឆ្នាំ២០២៣ ដែលបានជ្រើសរើសរួច ចំនួន១៧នាក់ សរុបទូទាំងខេត្ត និងតម្រូវការឆ្នាំ២០២៤ សរុប៤៦នាក់ ស្មើ៤៦ឃុំ។ ដោយឡែក ឃុំរាំងទិល ឃុំកំពង់លួង និងសង្កាត់ផ្ទះព្រៃ និងស្នើសុំគោលការជ្រើសរើសបន្ត នៅឆ្នាំ២០២៥។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានផ្តល់អនុសាសន៍ណែនាំ ដល់មន្ត្រីបច្ចេកទេសកសិកម្មឃុំ ទាំង១៧នាក់ ដែលទើបបានបញ្ចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង និងត្រូវចុះបំពេញការងារឆាប់ៗខាងមុខនេះ ត្រូវយល់ឱ្យបានច្បាស់ ពីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងវិស័យកសិកម្ម ដែលផ្ដោតសំខាន់លើការធានាសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានជាដើម។

លោកបានបញ្ជាក់ថា មន្ដ្រីកសិកម្មឃុំ ត្រូវក្តាប់ការងារ និងស្ថានភាពកសិកម្ម ឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច ទាំងការផ្ដល់បច្ចេកទេសកសិកម្ម ដល់ប្រជាកសិករ។ មន្ត្រីរាជការ គឺត្រូវបម្រើប្រជាពលរដ្ឋ ដោយឧត្តមគតិ និងស្មារតីទទួលខុសត្រូវ។ ដូច្នេះមន្ដ្រីបច្ចេកទេសកសិកម្មឃុំ ត្រូវយកចិត្តទុកដាក់ បង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ ព្រមទាំងមានយុទ្ធសាស្ត្រការងារ និងកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានផ្តល់លេខទូរស័ព្ទ ផ្ទាល់ខ្លួនរបស់លោក ដើម្បីឆ្លើយតបបានទាន់ពេលវេលា នូវរាល់បញ្ហាប្រឈម ក៏ដូចជាសំណូមពរ របស់ប្រជាកសិករនៅមូលដ្ឋាន ដែលមន្ត្រីបច្ចេកទេសកសិកម្មឃុំ បានចុះផ្ទាល់៕