(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំទស្សនៈកិច្ចអាជីវកម្ម ទៅកាន់ប្រទេសជប៉ុនរយៈពេល៤ថ្ងៃ ក្រោមការដឹកនាំពីលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ក្នុងឱកាសទស្សនកិច្ចអាជីវកម្មនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានជួបជាមួយក្រុមហ៊ុនជប៉ុន ដ៏មានសក្តានុពលចំនួន៣ ដោយក្នុងនោះក្រុមហ៊ុនជប៉ុនទាំង៣ បានបង្ហាញការចាប់អារម្មណ៍ ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ដំណើរទស្សនកិច្ចអាជីវកម្ម ទៅកាន់ប្រទេសជប៉ុននេះ បានផ្តោតទៅលើតំបន់ទីក្រុងកូម៉ាត់ស៊ូ (Komatsu) ដោយបានចូលរួមមហាសន្និបាតជាតិលើកទី៤៣ របស់ក្រុមសហគ្រិនវ័យក្មេងជប៉ុន។

ការចូលរួមមហាសន្និបាតនេះ ដើម្បីអបអរសាទរសមិទ្ធផល របស់ក្រុមសហគ្រិនវ័យក្មេងជប៉ុន ពង្រីកបណ្តាញ ជំរុញកិច្ចសហការ និងឱកាសអាជីវកម្មរវាងកម្ពុជា ជប៉ុន ក៏ដូចជាសហគ្រិនមកពី ប្រទេសនៅអាស៊ានដែលមកចូលរួម អបអរសាទរក្នុងព្រឹត្តិការណ៍នេះ។

សន្និបាតនេះជាឱកាសដ៏មានតម្លៃ សម្រាប់សមាជិកសមាគម ក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយសហគ្រិនវ័យក្មេងមក ពីទូទាំងអាស៊ី ហើយអាចជំរុញការបណ្តាក់ទុន និងភាពជាដៃគូថ្មីៗជាច្រើន។

លោកឧកញ៉ា ប៉ិច បូឡែន និងគណៈប្រតិភូសមាគម បានចូលជួបសម្តែងការគួរសម ជាមួយលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។ ជំនួបនេះបានជជែកអំពីការសម្របសម្រួល ឱ្យមានការផ្លាស់ប្តូរគំនិតទាក់ទង នឹងបរិយាកាសវិនិយោគនាពេលបច្ចុប្បន្ន និងឱកាសសក្តានុពលទាំងកម្ពុជា និងប្រទេសជប៉ុន។

នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានអញ្ជើញទៅទស្សនៈកិច្ចអាជីវកម្ម ក្រុមហ៊ុនជប៉ុនដ៏មានសក្តានុពលចំនួន៣នៅទីក្រុងតូក្យូ ដែលពួកគេបានបង្ហាញពីចំណាប់អារម្មណ៍ ចង់ពង្រីកអាជីវកម្មរបស់ខ្លួនមកបណ្តាក់ទុននៅកម្ពុជា និងតំបន់អាស៊ានផងដែរ។

ក្រុមហ៊ុនទាំង៣នោះរួមមាន១៖ ក្រុមហ៊ុន Koushi Kagaku ជាក្រុមហ៊ុនផលិត ឧបករណ៍សម្ភារជាច្រើនប្រភេទពីផ្លាស្ទីក ២៖ ក្រុមហ៊ុន Heiwa Kagaku Industry ជាក្រុមហ៊ុនផ្តោតសំខាន់លើប្លាស្ទីក ជួយដល់មនុស្ស និងបរិស្ថាន។ ៣៖ ក្រុមហ៊ុន Wash Plus ជាក្រុមហ៊ុនផ្តោតលើការលាងសម្អាត ដោយប្រើទឹក និងបច្ចេកវិទ្យា។

គោលបំណងរួមនៃដំណើរទស្សនៈកិច្ចអាជីវកម្មនេះ ដើម្បីមើលការគ្រប់គ្រងទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន ដំណើរការផលិត ការគ្រប់គ្រងបច្ចេកវិទ្យា និងដំណើរការចេញចូល របស់ផលិតផលនៃក្រុមហ៊ុននីមួយៗ។ លើសពីនេះក្រុមហ៊ុនទាំង ៣ ក៏បានចែករំលែកចំណាប់អារម្មណ៍ លើការចូលមកវិនិយោគនៅកម្ពុជា ដោយមើលឃើញពីសក្តានុពល នៃការប្រើប្រាស់ប្រទេសកម្ពុជា ជាតំបន់មូលដ្ឋានផលិតកម្ម ដើម្បីចែកចាយទៅកាន់ទីផ្សារអាស៊ានកាន់តែទូលំទូលាយ។

ការចាប់អារម្មណ៍នេះ ដោយសារតែពួកគេសម្លឹងឃើញថា កម្ពុជាមានច្បាប់ស្ដីពីការវិនិយោគដែលអំណោយផល និងគោលនយោបាយពាក់ព័ន្ធដ៏ទាក់ទាញ និងជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់។

ការពង្រីកទីផ្សារពាណិជ្ជកម្ម ជាអាទិភាពរបស់សមាគម ដើម្បីជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជួយពង្រីកដៃគូសហការអាជីវកម្ម និងការបណ្ដាក់ទុនវិនិយោគទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានជំរុញឱ្យមានការសហការ និងគំនិតផ្តួចផ្តើមរវាងសមាជិក ជាសហគ្រិន ដើម្បីលើកកម្ពស់ការផ្ដល់សេវាកម្មរ វាងអាជីវកម្ម និងអាជីវកម្ម (B2B) រួមទាំងការលើកកម្ពស់ ការច្នៃប្រឌិតអាជីវកម្ម និងស្វែងរកចំណាប់អារម្មណ៍ ក្នុងវិស័យវិនិយោគរបស់ធុរជន។

ជាង១០ឆ្នាំមកនេះ ពាណិជ្ជកម្មជប៉ុន-កម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ បានទទួលផលប្រយោជន៍ ទៅវិញទៅមកពីឱកាសអាជីវកម្ម និងកិច្ចសហការផ្សេងៗ ក្នុងពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសទាំងពីរ។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី ដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបសង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយ សម្រាប់សេដ្ឋកិច្ចកម្ពុ៕