(ភ្នំពេញ)៖ នៅគ្រប់វត្តអារាមទូទាំងប្រទេស ដាច់ខាតនឹងមិនអនុញ្ញាតឲ្យលេងល្បែង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ម៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើមឡើយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ នេះបើតាមសេចក្តីណែនាំរបស់ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ជារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមសាលារៀន វត្តអារាម និងតំបន់កម្សាន្តនានាទូទាំងរាជធានី‑ខេត្ត តែងតែរៀបចំសង្ក្រាន្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ទិដ្ឋភាពនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះ កន្លងទៅមានប្រជាពលរដ្ឋមួយចំនួននិយមលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ល្បែងស៊ីសង គ្រឿងផ្ទុះផាវជាដើម ដែលសកម្មភាពទាំងអស់នេះ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ បើតាមហេតុការណ៍ដែលធ្លាប់កើតឡើង តាមរយៈសកម្មភាពរៀបរាប់ខាងលើ បានបង្កនូវភាពអសុវត្ថិភាព អសណ្ដាប់ធ្នាប់ ឬអាចឈានដល់ការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃថែមទៀតផង ដែលអាចឈានដល់​ការប្រើប្រាស់ហិង្សា បង្កភាពចលាចលក្នុងទីវត្តអារាមក៏មាន។

ដូច្នេះ ក្រសួងធម្មការ និងសាសនា បានដាក់ចេញវិធានការតឹងតែងដើម្បីបញ្ចៀសហេតុការណ៍មិនល្អណាមួយកើតឡើងក្នុងទីវត្តអារាម ដែលជាកន្លែងស្ងប់សុខ ដោយណែនាំគ្រប់វត្តអារាមមិនឲ្យមានសកម្មភាពទាំងអស់ខាងលើនេះនោះទេ។ បន្ថែមពីនេះ ក្រសួងក៏បានណែនាំគ្រប់វត្តអារាមឱ្យយកចិត្តទុកដាក់ បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដើម្បីធានានូវសន្ដិសុខ សុវត្ថិភាព ជូនព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋគ្រប់រូប។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ក្រសួងក៏បានណែនាំដល់ព្រះមន្រ្តីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្តឲ្យយកព្រះហឫទ័យទុកដាក់សម្អាត និងតុបតែងលម្អវត្តដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោក ល្បែងប្រពៃណីជាតិខ្មែរ របាំប្រជាប្រិយខ្មែរ ឲ្យត្រូវតាមក្បួនខ្នាតលក្ខណៈប្រពៃណីខ្មែរ និងសហការជាមួយរដ្ឋបាលរាជធានី‑ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំស្របតាមប្រពៃណីជាតិខ្មែរផងដែរ។ លើសពីនេះ ក៏បានណែនាំគ្រប់វត្តចាត់តាំងពិធីបង្សុកូលឧទ្ធិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ទៅតាមទីកន្លែងដែលបានតម្កល់អដិ្ឋធាតុថែមទៀត។

គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ត្រូវរៀបចំតាំងព្រះឆាយាលក្ខណ៍ សម្ដេចព្រះអគ្គមហាសង្ឍរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឍរាជ នៃព្រះរាជាណាចក្រកម្ពុជា និងប្រារព្ធពិធីបង្សុកូលឧទ្ធិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះមហាសង្ឍរាជ ទេព វង្ស។

ទោះជាយ៉ាងនេះក្តី សេចក្តីណែនាំរបស់ក្រសួងធម្មការ ឆ្ពោះតម្រង់តែនៅតាមទីវត្តអារាមប៉ុណ្ណោះ ខណៈដែលឆ្នាំមុន ក៏ដូចកន្លងទៅ ការបាញ់ទឹក ជះទឹក ប៉ាតម្សៅ ត្រូវបានគេសង្កេតឃើញមានរៀបចំលេងកម្សាន្តនៅតាមទីសាធារណៈមួយចំនួន ជាពិសេសនៅបណ្តាខេត្តដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន៕