(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Dato Ahmad Azam bin Abdulrahman បេសកជនពិសេសរបស់លោក YAB Dato’Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ជំនួបពិភាក្សានេះ ធ្វើឡើងនៅការិយាល័យរបស់លោកទេសរដ្ឋមន្ដ្រី។

ជំនួបនេះ ធ្វើឡើងក្នុងឱកាសលោក Dato Ahmad Azam bin Abdulrahman និងប្រតិភូ អញ្ជើញទស្សនកិច្ចកម្ពុជា ដើម្បីចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ។

នាឱកាសនោះ លោក Dato' Ahmad Azam bin Abdulrahman បានរំលឹកពីដំណើរទស្សនកិច្ច របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកបន្តថា ក្នុងដំណើរទស្សនកិច្ចផ្លវការនេះ ម៉ាឡេស៊ី-កម្ពុជា បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានវិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ឧស្សាហកម្មអាហារហាឡាល ការងារ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។

លោកបន្ថែមថា កន្លងមកភាគីម៉ាឡេស៊ី ធ្លាប់បានគាំទ្រលើវិស័យនានាដល់សហគមន៍ឥស្លាមកម្ពុជា មានដូចជា ការងារមនុស្សធម៌ វិស័យអប់រំ និងបានបញ្ជូនអ្នកបច្ចេកទេស មកបណ្តុះបណ្តាលលើផ្នែកហាឡាល ដល់មន្ត្រីកម្ពុជាផងដែរ។ លោកក៏បានកោតសរសើរពីគោលនយោបាយសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនានៅកម្ពុជា ហើយម៉ាឡេស៊ីក៏កំពុងសិក្សា និងស្វែងយល់ពីគោលនយោបាយនេះផងដែរ។

ជាការឆ្លើយតប លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលតែងតែជួយការងារមនុស្សធម៌នានា និងវិស័យអប់រំ ដល់កម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកទេសរដ្ឋមន្ដ្រី បានលើកឡើងពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជាពិសេសទៀតនោះ ប្រជាពលរដ្ឋទាំងអស់ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះសហគមន៍ឥស្លាម ក៏មានឱកាសបម្រើការងារ ក្នុងជួររាជរដ្ឋាភិបាល ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី ២២-២៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក Dato Ahmad Azam bin Abdulrahman បានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជា គោលបំណងចាប់ផ្តើមជាផ្លូវការ នូវការសម្របសម្រួលសកម្មភាពរបស់ខ្លួននៅកម្ពុជា ដើម្បីសហប្រតិបត្តិការក្នុងវិស័យអប់រំ ការយល់ដឹងអំពីឥស្លាម ការជំរុញសេដ្ឋកិច្ច ព្រមទាំងការសិក្សាស្វែងយល់បន្ថែម អំពីរដ្ឋាភិបាលកម្ពុជា ដែលបានបំពេញការងារដ៏អស្ចារ្យដែលសមនឹងទទួលបានការកោតសរសើរយ៉ាងខ្ពង់ខ្ពស់បំផុត៕