(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោក ឆាយ ស៊ីណាត ប្រធានសមាគម និងសមាជិក ដើម្បីជួបពិភាក្សាការងារ និងទទួលអនុសាសន៍ណែនាំពីលោករដ្ឋមន្រ្តីលើវិស័យទេសចរណ៍ និងស្វែងរកការគាំទ្រពីក្រសួងទេសចរណ៍លើកម្មវិធីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ឆាប់ៗខាងមុខ។

ជំនួបនេះធ្វើឡើងនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានចាត់ទុកកម្មវិធីនេះជាវេទិកាសម្រាប់បង្ហាញពិភពលោកពីកម្រិតគុណភាពគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា និងផ្តល់ការគាំទ្ររៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំដោយទ្បែក លោករដ្ឋមន្រ្តីបានស្នើសុំសមាគមរៀបចំក្រមប្រតិបត្តិ និងក្រុមសីលធម៌វិជ្ជាជីវៈសម្រាប់អាជីវកម្មគ្រឿងអលង្ការ និងត្បូងកម្ពុជា ជៀសវាងឱ្យបានជាដាច់ខាតការលក់ផលិតផលក្លែងក្លាយជូនទេសចរ៕