(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការកែទម្រង់និងទំនើបកម្មរដ្ឋបាលគយ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅសាលាជាតិគយ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តលើការងារកែទម្រង់និងទំនើបកម្មរដ្ឋបាលគយ។

សិក្ខាសាលានេះ មានការចូលរួមពីរដ្ឋបាលគយកម្ពុជា ម៉ាល់ឌីវ មុងហ្គោលី នេប៉ាល់ ស្រីលង្ការ អូបេគីស្ថាន និងវៀតណាម សរុបចំនួន ៣៣ រូប ដោយបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុន។

ពិធីបើកសិក្ខាសាលាថ្នាក់តំបន់នេះ បានប្រព្រឹត្តិទៅក្រោមអធិបតី លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី Margaret Cotton អនុប្រធាននាយកដ្ឋានកិច្ចការសារពើពន្ធនៃមូលនិធិរូបិយវត្ថុអន្តរជាតិ។

លោក គុណ ញឹម បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលសាលាជាតិគយកម្ពុជាបានទទួលរៀបចំសិក្ខាសាលាថ្នាក់តំបន់ ដែលមានរដ្ឋបាលគយច្រើនប្រទេសចូលរួម អំឡុងពេលដែលសាលាជាតិគយកម្ពុជាកំពុងបំពេញនីតិវិធី ដើម្បីក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំអាស៊ីប៉ាហ្វិករបស់អង្គការគយពិភពលោក។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់អាចបង្កើតទំនាក់ទំនង ចែករំលែកបទពិសោធន៍ល្អៗ និងស្វែងយល់ពី ការងារកែទម្រង់និងទំនើបកម្មរបស់រដ្ឋបាលគយប្រទេសនីមួយៗ។

ជាមួយគ្នានេះ លោក UENO Atsushi និងលោកស្រី Margaret Cotton បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ រដ្ឋបាលគយកម្ពុជា ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង។

បន្ថែមលើនេះ លោកឯកអគ្គរាជទូតជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយកម្ពុជាក្នុងការងារកែទម្រង់និងទំនើបកម្មគយ ដែលក្នុងនោះ សាលាជាតិគយបានរួមចំណែកយ៉ាងសំខាន់ ជាថ្នាលបណ្តុះបណ្តាលសម្រាប់មន្ត្រីគយនិងរដ្ឋាករកម្ពុជា និងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់នាពេលឆាប់ៗខាងមុខ។

រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA នឹងបន្តគាំទ្ររដ្ឋបាលគយកម្ពុជាលើការងារកិច្ចសម្រួលពាណិជ្ជកម្ម ដូចជាកម្មវិធីប្រតិបត្តិករបានទទួលការអនុញ្ញាត (AEO), ការកសាងសមត្ថភាពគយ និងគម្រោងថ្មីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការគយដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់ទន្លេមេគង្គ សម្រាប់រដ្ឋបាលកម្ពុជា ឡាវ និងថៃ និងកិច្ចសហការគាំទ្រផ្សេងៗទៀត។

សិក្ខាសាលាថ្នាក់តំបន់រយៈពេល ៤ថ្ងៃនេះ គ្របដណ្តប់លើប្រធានបទសំខាន់ៗ ដូចជា៖ ការគ្រប់គ្រងការងារកែទម្រង់និងទំនើបកម្មគយ និងការគ្រប់គ្រងការផ្លាស់ប្តូរ, ការកែលម្អការជ្រើសរើសផ្អែកលើហានិភ័យសម្រាប់ការត្រួតពិនិត្យគយក្នុងពេលដំណើរការបញ្ចេញទំនិញ, ការប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ឬ តំបន់រួចពន្ធ ជាដើម៕