(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពី«នីតិវិធីរៀបចំ និងអនុវត្តថវិកាសមិទ្ធកម្ម និងកិច្ចព្រមព្រៀងសមិទ្ធកម្ម» ដើម្បីកជំរុញការប្រើប្រាស់ថវិកាឱ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលកន្លងមកការរៀបចំថវិកា, ការអនុវត្តថវិកា, ការងារលទ្ធកម្មសាធារណៈ និងកិច្ចបញ្ជិការជ្ជទេយ្យបុរេប្រទាន របស់ក្រសួង នៅមានតម្រូវការក្នុងការកែលម្អបន្ថែម។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំសិក្ខាសាលាស្តីពី «នីតិវិធីរៀបចំ និងអនុវត្តថវិកាសមិទ្ធកម្ម និងកិច្ចព្រមព្រៀងសមិទ្ធកម្ម»ឡើងក្នុងគោលបំណងផ្សព្វផ្សាយទូលំទូលាយសំដៅបង្កើនការយល់ដឹង, ការគាំទ្រ និងការចូលរួមចំណែកយ៉ាងសកម្ម ពីគ្រប់អង្គភាពថវិកាក្រោមឱវាទរបស់ក្រសួង ដើម្បីសម្រេចបានការរៀបចំផែនការយុទ្ធសាស្ត្រថវិកា, ការរៀបចំផែនការថវិកា, ការអនុវត្តថវិកាសមិទ្ធកម្ម និងការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម ឱ្យស្របតាមគោលការណ៍នៃថវិកាសមិទ្ធកម្មជាធរមាន។

លោកបន្តថា នេះជាលើកទី២ហើយ ដែលក្រសួង បានរៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាគោលនយោបាយប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្ដង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។ ក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ រាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវ កាន់តែច្រើនទ្បើងដល់ក្រសួង-ស្ថាប័ន ហើយក្រសួង-ស្ថាប័នត្រូវផ្ទេរបន្តដល់អង្គភាពក្រោមឱ្យវាទ ក្នុងការរៀបចំ និងការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា។

លោកបន្ថែមថា«ការផ្លាស់ប្តូរនេះ ផ្ដល់ភាពបត់បែនក្នុងការបង្កើតរចនាសម្ព័ន្ធកម្មវិធី ដោយផ្អែក ឬមិនផ្អែកទាំងស្រុងទៅលើរចនាសម្ព័ន្ធរដ្ឋបាល ប៉ុន្តែតម្រូវឱ្យមានការវាស់វែងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃកម្មវិធី តាមរយៈសូចនាករសមិទ្ធកម្ម និងទាមទារឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈលើមុខងារហិរញ្ញវត្ថុសាធារណៈ ពិសេសការអភិវឌ្ឍសមត្ថភាព និងចំណេះដឹង ស្តីពីការអនុវត្តថវិកាកម្មវិធីផ្អែកលើថវិកាសមិទ្ធកម្ម និងការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម។ យ៉ាងណាមិញ ការងារនេះមិនមែនជាការងារថ្មីទាំងស្រុង ឬមានភាពខុសគ្នាខ្លាំងជាមួយថវិកាកម្មវិធី ដែលយើងទាំងអស់គ្នាធ្លាប់បានអនុវត្តនាពេលកន្លងមកនោះទេ»។

លោកបានឱ្យដឹងផងដែរថា ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យទទួលជោគជ័យ, ប្រកបដោយផ្លែផ្កា, លោកបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចមួយចំនួនរួចហើយ រួមទាំងការត្រៀមផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវពេញលេញលើការងារគ្រប់គ្រងធនធាន និងចាត់ចែងថវិកាជូនដល់អង្គភាពក្រោមឱវាទតាមរយៈ៖
ទី១. បានដាក់អង្គភាពចំនួន៨ បន្ថែមទៀត ជាអង្គភាពថវិកានៅឆ្នាំ២០២៤ ធ្វើឱ្យចំនួនអង្គភាពថវិកា សរុបមានចំនួន ៣៤ (គិតទាំងមន្ទីរ) ហើយអ្នកទាំងអស់គ្នាបានយល់ដឹងអំពីសិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អង្គភាពនេះហើយ។
ទី២. បន្តពង្រឹងសមត្ថភាពអង្គភាពថវិកាថ្មី ដើម្បីប្រែក្លាយទៅជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ដើម្បីធានាផ្តល់ស្វ័យភាពគ្រប់គ្រាន់លើការងារដឹកនាំអង្គភាពទាំងធនធានមនុស្សនិងហិរញ្ញវត្ថុ។
ទី៣. ប្រែក្លាយមន្ទីរពិសោធន៍ជាតិ ឱ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីធានាឱ្យអង្គភាពមួយនេះអាចប្រតិបត្តិការដោយឯករាជ្យ និងផ្តល់សេវាប្រកដោយប្រសិទ្ធភាព, គុណភាព និងមានលក្ខណៈប្រកួតប្រជែង។
ទី៤. ការពង្រឹងតួនាទីត្រួតពិនិត្យក្រោយចំណាយ របស់សវនកម្មនិងអគ្គាធិការ ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព គណនេយ្យភាពនៃការគ្រប់គ្រងថវិកា និងអនុវត្តថវិកា។

លោក ហែម វណ្ណឌី បានគូសបញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្តី មិនមានន័យថា អង្គភាពទាំងអស់អាចជិះសេះលែងដៃបានទេ, រាល់ការផ្តល់សិទ្ធិអំណាចត្រូវភ្ជាប់ជាមួយលក្ខខណ្ឌ ពោលគឺត្រូវមានកិច្ចសន្យាសមិទ្ធកម្ម ដែលជាសូចនាករគន្លឹះសម្រាប់វាស់វែង ។ ទន្ទឹមនឹងនេះ តាមច្បាប់ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ នៅជំពូកទី៧ (មាត្រា១០៤, មាត្រា១០៥ និងមាត្រា១០៦) ក៏បានចែងអំពីទោសបញ្ញត្តិ របស់មន្រ្តីសាធារណៈដែលទទួលចាត់ចែង និងប្រើប្រាស់ធនធានរដ្ឋផងដែរ៕