(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាផ្លូវការ។ MOU មួយនេះ ចុះហត្ថលេខាដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងលោកសាស្រ្តាចារ្យ បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីបុគ្គលិកជាន់ខ្ពស់ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាស្ត្រាចារ្យ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប។

ថ្លែងផ្ដល់បទសម្ភាសជូនក្រុមអ្នកសារព័ត៌មាន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលបានសហការគ្នាជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត ថ្លែងបញ្ជាក់ថា៖ «គោលបំណង នៃការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីជំរុញឱ្យនិស្សិតខ្មែរសិក្សារៀនសូត្រលើមុខវិជ្ជាអក្សរសាស្រ្ត អក្សរសិល្ប៍ និងបាលីសំស្រ្កឹតកាន់តែច្រើនបន្ថែមទៀត»

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា៖ «ក្រៅពីមុខវិជ្ជាអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ការចុះអនុស្សរណៈយោគយល់គ្នាខាងលើ ក៏ជួយជ្រោមជ្រែង និងគាំទ្រដល់ការសិក្សាមហាវិទ្យាល័យវិស្វកម្មតាមរយៈការផ្ដល់ជំនួយជាថវិកាដើម្បីទិញឧបករណ៍ និងបរិក្ខារដែលបម្រើដល់ការសិក្សាលើមុខជំនាញនេះផងដែរ»

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គូសបញ្ជាក់ថា រយៈពេលជិត២០កន្លងមកនេះ មូលនិធិ ម៉េងលី ជេ. គួច របស់លោកបានចំណាយថវិកាសរុបប្រមាណ ៧ សែនដុល្លារអាមេរិក សម្រាប់គម្រោងអាហារូបករណ៍ ដោយក្នុងមួយឆ្នាំៗបានផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតចន្លោះពី ១១០ ទៅ ២០០នាក់ ក្នុងមួយឆ្នាំ(ចំណាយប្រមាណ៨ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ)។

បន្ថែមពីនេះ គម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច បានផ្ដល់ថវិកាគាំទ្រអាហារូបករណ៍ដល់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត សរុបជាទំហំទឹកប្រាក់ខ្ទង់ជាង២០ម៉ឺនដុល្លារអាមេរិក។

លើសពីនេះ គម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច ក៏បានផ្ដល់ថវិកាដល់កុមារពិការចំនួន ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៣ឆ្នាំ និងប្រគេនអាហារូបករណ៍ជូនព្រះសង្ឃចំនួន៣០អង្គ ទៅសិក្សាភាសាបាលីនៅប្រទេសស្រីលង្ការរយៈពេលពីរឆ្នាំសរុបប្រមាណជាង ១ម៉ឺនដុល្លារអាមេរិក។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សង្កត់ធ្ងន់ថា៖ «ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងលើកទឹកចិត្ត ផ្ដល់អាហារូបករណ៍ចាប់ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់ក្រោយបណ្ឌិត សម្រាប់សិស្ស-និស្សិតក្រីក្រ ដែលចង់សិក្សាលើជំនាញវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត អក្សរសាស្ត្រ និងអក្សរសិល្ប៍ខ្មែរ តាមរយៈមូលនិធិ ម៉េងលី ជេ. គួច»

សាស្រ្តាចារ្យ ជេត ជាលី បានលើកឡើងថា៖ «កន្លងមក សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានការខ្វះខាតថវិកា សម្រាប់ជំរុញដល់មូលនិធិទស្សនវិជ្ជាខ្មែរ (Khmer Philosophy Foundation)» និងមហាវិទ្យាល័យវិស្វកម្ម (Faculty of Engineering)»

លោកសាស្រ្តាចារ្យ ចាត់ទុកការចូលរួមចំណែកជួយគាំទ្រលើផ្នែកទាំងពីររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច ដែលជាវិស័យឯកជននេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការអភិវឌ្ឍវិស័យអប់រំ និងលើកស្ទួយអក្សរសាស្រ្តខ្មែរ។

សូមបញ្ជាក់ថា តាមរយៈអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងផ្ដល់ប្រាក់ឧបត្ថម្ភសរុបចំនួន ២ម៉ឺនដុល្លារក្នុងមួយឆ្នាំដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាក់ស្ដែង ក្នុងនោះក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងផ្ដល់ថវិកាចំនួន ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៣ឆ្នាំដល់មូលនិធិទស្សនវិជ្ជាខ្មែរ (Khmer Philosophy Foundation) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារក្នុងមួយឆ្នាំរយៈពេល៣ឆ្នាំដល់មហាវិទ្យាល័យវិស្វកម្ម (Faculty of Engineering) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ដោយឡែក សម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញ នឹងផ្ដល់ឱកាសឱ្យក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដើម្បីរៀបចំព្រឹត្តិការណ៍ ផ្សព្វផ្សាយការជ្រើសរើសបុគ្គលិក ប្រកាសពីឱកាសការងារ និងរៀបចំកិច្ចពិភាក្សាឱកាសការងារផ្សេងៗដល់និស្សិតដោយមានការយល់ព្រមពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គួរជម្រាបថា មូលនិធិ ម៉េងលី ជេ. គួច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងគោលបំណងធ្វើការងារសប្បុរសធម៌ អភិវឌ្ឍអក្ខរកម្ម និងការសិក្សាស្រាវជ្រាវ។ បច្ចុប្បន្ននេះ បានកំពុងអនុវត្តនូវកម្មវិធីចំនួន៤ និងគម្រោងចំនួន២០ ក្នុងតំបន់គោលដៅចំនួន២៥ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកទទួលផលសរុបចំនួន ៦៦៤,០២០ នាក់ និងចំណាយថវិកាសរុបប្រមាណ ៧ លានដុល្លារអាមេរិក។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានស្រាវជ្រាវរបស់ជាតិ។ បង្កើតឡើងប្រមាណជាងកន្លះសតវត្សរ៍ តាំងពីឆ្នាំ១៩៦០មក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្លាយជាសាកលវិទ្យាល័យដ៏វ័យចំណាស់របស់កម្ពុជា៕