(កំពត-កែប)៖ លោក កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានស្នើដល់ជួរថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ ជួយជ្រោមជ្រែង យកចិត្តទុកដាក់ និងជំរុញសកម្មភាពនានា ពីថ្នាក់ជាតិ សំដៅពន្លឿននូវការអនុវត្តច្បាប់ បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ ការប្រតិបត្តិវិជ្ជាជីវៈប្រកបដោយគុណធម៌ សមធម៌ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជៈសុខាភិបាល ដើម្បីឈានទៅរកការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការស្នើបែបនេះរបស់លោកវេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ចូលរួមជាអធិបតីក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៤ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ដែលធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត កែវ សុផាន់ បន្តបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកលរួមមាន៖ ការបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ គុណភាពនៃការផ្តល់សេវា ការដកនូវរបាំងសេដ្ឋកិច្ចតាមរយៈគម្រោងការពារសង្គមជាដើម។ ទន្ទឹមនឹងការធ្វើនិយ័តកម្មឯកជន ក៏ត្រូវតែធ្វើឱ្យប្រសើរឡើងក្នុងការទទួលខុសត្រូវលើលក្ខណៈបច្ចេកទេស សមត្ថភាព ក្រមសីលធម៌ ដែនកំណត់វិជ្ជាជីវៈ និងតម្រូវការជាមូលដ្ឋានតាមផ្លូវច្បាប់ ក្នុងការឈានទៅទទួលបាននូវការទទួលស្គាល់គុណភាពសេវា និងត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូ ថ្នាក់មន្ទីរពេទ្យបង្អែក ឆ្នាំ២០២៤ នេះផងដែរ។

លោកវេជ្ជបណ្ឌិត កែវ សុផាន់ បញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មានសមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានចុះបញ្ជីការសុំអាជ្ញាបណ្ណ សរុប ៣០៩រូប ក្នុងនោះអាជ្ញាបណ្ណ មានសុពលភាព ២៧៨រូប និងអាជ្ញាបណ្ណហួសសុពលភាព២៩រូប និងស្លាប់២រូប។

លោកវេជ្ជបណ្ឌិត តាន់ ឆេង បានកោតសរសើរ ចំពោះគ្រូពេទ្យដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឱ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាព។

លោកក៏បានរំលឹកដល់គ្រូពេទ្យទាំងអស់ ត្រូវមានទាំងសមត្ថភាពជំនាញមាំទាំ តាមទាន់សម័យកាល ព្រមជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ហើយគ្រូពេទ្យត្រូវមើលឃើញប្រយោជន៍របស់អ្នកជំងឺ មុនប្រយោជន៍របស់ខ្លួន និងផ្តល់សេវាវេជ្ជសាស្ត្រប្រកបដោយឥស្សរភាព។

អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានលើកឡើងថា សុកមាលភាពប្រជាពលរដ្ឋ ជាគុណតម្លៃមហាសាល របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដ៏មានប្រសិទ្ធិភាព សុវត្ថិភាព ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ ហើយគ្រូពេទ្យត្រូវគិតថា «ទុក្ខលំបាករបស់អ្នកជំងឺ គឺជាទុក្ខលំបាករបស់គ្រូពេទ្យ»

លោកបានស្នើឱ្យអ្នកប្រកបវិជ្ជជីវៈសុខាភិបាលទាំងរដ្ឋ និងឯកជន ត្រូវគោរពតាមគោលការណ៍ ក្រុមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ៕