(កណ្ដាល)៖ មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ផ្ទះ២ខ្នងជូនជនមានពិការភាពនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលបានមកពីសប្បុរសជននានាដែលចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ និងថវិកាមួយផ្នែកទៀតបានពីបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្ទះមូលនិធិជនពិការ២ខ្នងនេះ មានទំហំ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពចំនួន២រូប មានឈ្មោះ លី ម៉េត ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនមានពិការភាពជើងស្តាំ រស់នៅភូមិភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ លឹម លៀង ភេទស្រី អាយុ៥០ឆ្នាំ ជាជនមានពិការភាពដៃម្ខាងដោយសារធ្លាក់ពីលើដើមឈើ ភូមិព្រៃប្រាសាទ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ការប្រគល់នេះធ្វើឡើងនារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមជាអធិបតីពីលោក ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកស្រីប្រធានមន្ទីរ ស.អ.យ.ខេត្តកំពង់ស្ពឺ តំណាងសហភាពសហព័ន្ធវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការខេត្តកំពង់ស្ពឺ និងសាខាខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន។

លោក ខុម ផលលឿន បានឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានលោក ជា សុមេធី ជារដ្ឋមន្ត្រី តែងតែចង្អុលបង្ហាញនិងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តគោលនយោបាយនានាដូចជាការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការគាំពារសង្គមនានាដល់ប្រជាពលរដ្ឋក្រីក្រ។ លោកបានបន្តថា សម្រាប់ផ្ទះ២ខ្នងនេះ គឺបានមកពីសប្បុរសជននានាដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ និងថវិកាមួយផ្នែកទៀតគឺបានពីបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈកម្មវិធីផ្តល់ផ្ទះនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនមានពិការក្រីក្រនៅតាមសហគមន៍ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនមានពិការភាពឱ្យទទួលបានសុខុមាលភាព និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់គ្រួសារជនមានពិការភាពទាំង២រូប សូមចូលរស់នៅក្នុងផ្ទះថ្មីនេះ សូមឱ្យមានសេចក្តីសុខ សុខភាពល្អ និងសូមជៀសឆ្ងាយពីជំងឺឆ្លងទាំងឡាយ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយរបស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនមានពិការភាពដែលទទួលបានផ្ទះថ្មី ក្នុង១នាក់ទទួលបានថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស៕