(ភ្នំពេញ)៖ ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ទេវតាបានជប់ទន្លេស្ងួតពីទន្លេដែលមានសភាពស្ងួតហួតហែងនារដូវប្រាំង ទៅជាទីកម្សាន្តកុមារអមដោយផ្កាស្បៃរឿងចម្រុះពណ៌ គួរជាទីមនោរម្យរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ទន្លេស្ងួតជាតំបន់ប្រវត្តិសាស្ត្រស្ថិតនៅប្រមាណ ១០គីឡូម៉ែត្រពីទីប្រជុំជននៃផ្សារអូររាំងឪ ហើយតំបន់នេះមានលក្ខណៈស្ងាត់ជ្រងំ មិនសូវមានការឆ្លងកាត់ពីប្រជាពលរដ្ឋនៅស្រុកជិតខាងឡើយ ប៉ុន្តែបន្ទាប់ពីមានវត្តមានទេវតាឆ្នាំថ្មី នាព្រឹត្តិការណ៍សង្ក្រានប្រចាំឆ្នាំមក តំបន់ប្រវត្តិសាស្រ្តនេះ បានវិវត្តន៍ខ្លួនទំនើបជាងមុន មានសួនឧទ្យានទន្លេស្ងួតសម្រាប់កុមារលេងកម្សាន្ត និងមានកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត ស្ទូចត្រី ពីព្រោះទេវតាបានជប់ទន្លេស្ងួតលែងជាទន្លេស្ងួតហួតហែងនារដូវប្រាំងទៀតហើយឆាប់ៗខាងមុខនេះ ទន្លេស្ងួតនឹងមានទឹកពេញប្រៀប ដែលសម្បូរទៅដោយត្រី ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះផង និងភ្ញៀវទេសចរមកកម្សាន្តផង។

ជាមួយគ្នានេះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើជូនចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ទន្លេស្ងួតនេះថាដើម្បីធ្វើឱ្យសួនឧទ្យានទន្លេស្ងួត កាន់តែមានភាពទាក់ទាញពីអ្នកទេសចរ គឺមានតែការរួមចំណែកថែរក្សាការពារពីសិស្សានុសិស្ស និងប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យផ្ទះរបស់យើងស្អាត គ្មានសំណល់ប្លាស្ទិក ហើយមិនត្រឹមតែស្អាតលើគោកទេ ក្នុងទឹកក៏ស្អាត អាកាសក៏ស្អាតដែរ។ លើសពីភាពស្អាតចេញពីចិត្តប្រកបដោយធម៌ ដែលជាអំណោយផលពីធម្មជាតិ និងជាស្នាមញញឹមដ៏ទាក់ទាញឱ្យភ្ញៀវទេសចរ មកលេងតំបន់យើង ហើយយើងអាចរកចំណូលបានពីភ្ញៀវទេសចរដោយសុចរិត ហើយភ្ញៀវទេសចរនឹងចូលរួមជួយផ្សព្វផ្សាយសួនឧទ្យានទន្លេស្ងួតរបស់យើង។

លោកបណ្ឌិតបានបញ្ជាក់ថា ពីពេលនេះទៅ លែងស្ងួតហួតហែង និងស្ងប់ស្ងាត់ទៀតហើយ ព្រោះយើងមានកន្លែងកម្សាន្ត មានផ្លូវរលោង ទាំងអស់នេះគឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នែរដ្ឋសភា ហើយជាកម្លាំងរួបរួមដោយបេះដូងខ្មែររបស់យើង និងមានការជួយគាំទ្រពីសប្បុរសជននៃប្រទេសកាណាដា។ វប្បធម៌ជួយដោយសប្បុរសត្រូវតែបន្តទៅជាមួយគ្នា ថ្ងៃនេះ! សប្បុរសជនកាណាដាជួយយើង ថ្ងៃក្រោយយើងនឹងបន្តអំពើសប្បុរសធម៌នេះជួយអ្នកផងដទៃទៀត។

សូមជម្រាបជូនថា ការផ្តាំផ្ញើរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួនកម្សាន្តកុមារនៅបរិវេណសួនឧទ្យានទន្លេស្ងួត នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤៕