(ភ្នំពេញ)៖ គណៈគ្រប់គ្រងវត្តឧណ្ណាលោម គណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការនិមន្តព្រះសង្ឃគោចរបិណ្ឌបាតចំនួន ៤០០ អង្គក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានគម្រប់ប្រាំពីរថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០៖០០ នាទីព្រឹកមានការរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤០០ អង្គ និងដារឆ្លងគម្រប់ប្រាំពីរថ្ងៃ ក្នុងព្រះរាជពិធីបុណ្យព្រះបរមសពថ្វាយ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជណាចក្រកម្ពុជា ក្នុងបរិវេណវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សេចក្តីដូចបានចម្រើនពរខាងលើ សូម សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉លោក លោកស្រី និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមដោយសេចក្ដីជ្រះថ្លាក្នុងមហាកុសលរៀងៗខ្លួន៕