(ម៉ែលប៊ន, អូស្ត្រាលី)៖ បន្ទាប់ពីហោះរយៈពេលប្រមាណជា១០ម៉ោង នៅវេលាម៉ោងប្រមាណ​៥ទៀប​ភ្លឺ​ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោងប្រមាណ៩ព្រឹក ម៉ោងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់របស់កម្ពុជា អញ្ជើញដល់ប្រទេសអូស្ត្រាលី ប្រកបដោយសុខសុវត្ថិភាព។

ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួល​បាន​ការស្វាគមន៍ប្រកបដោយភាពកក់ក្តៅពីសំណាក់លោក Tim Watts ឧបការីរដ្ឋមន្ត្រីការ​បរទេសអូស្ត្រាលី និងឯកអគ្គរាជទូតខ្មែរប្រចាំនៅអូស្ត្រាលី។

ដោយឡែកនៅឯកសណ្ឋាគារកន្លែងសម្តេចធិបតី និងលោកជំទាវបណ្ឌិតស្នាក់នៅឯណោះវិញ ប្រជា​ពល​រដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រក្នុងប្រទេសអូស្ត្រាលី និងណូវែល​ហ្សេ​ឡង់ជាច្រើននាក់ បានចេញមកទទួល និងស្វាគមន៍សម្តេចធិបតី និងលោកជំទាវបណ្ឌិតដោយផ្ទាល់។

ប្រជាពលរដ្ឋ និងនិសិត្សខ្មែរ បានសម្តែងក្តីសោមនស្សរីករាយ ប្រកបដោយក្តីនឹករលឹក និងគោរព​ស្រ​ឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី និងលោកជំទាវ។ ក្នុងឱកាសនោះ ក្រៅពីការបង្ហាញក្តីនឹក​រលឹក សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ ប្រកបដោយក្តីស្និទ្ធស្នាលជាទីបំផុត៕