(កំពង់ចាម)៖ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម, លោកប្រធានក្រុមប្រឹក្សាព្រៃឈរ និងលោកអភិបាលស្រុកព្រៃឈរ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ។

ពិធីនេះ ក៏មានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានស្រុក ស្នាក់ការសន្តិសុខ អភិបាលរងស្រុក នាយករដ្ឋបាលស្រុក អធិការនគរបាលក្រុង មេបញ្ជាការផ្នែកសឹករងស្រុក មេឃុំ មេបុស្តិ៍ ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានក្រើនរំលឹក និងដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន តាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំឲ្យរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងពង្រឹងកិច្ចសហការជាមួយបណ្ដាញស្ថាប័នពាក់ព័ន្ធ សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ៕