(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូមន្រ្តីរាជការរបស់រដ្ឋបាលខេត្តបាត់ដំបង ធ្វើដំណើរទស្សកិច្ចនៅខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងាររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

នៅរសៀលថ្ងៃទី០១ ខែមីនានេះ លោកអភិបាលខេត្ត និងមន្រ្តីរាជការទាំងអស់ដោយមានការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីលោក​ ថៃ​ ឫទ្ធី​ តំណាងលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធាន អគ្គ​នាយអាជីវកម្ម​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បានស្វាគមន៍ និងមានមតិសំណេះសំណាល ព្រមទាំងបានរៀបរាប់ពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា មានការរីកចម្រើន
រហូតដល់បច្ចុប្បន្ននេះ និងមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេនបច្ចុប្បន្នបន្តជួយផងដែរ។

បន្ទាប់មកក្រុមប្រតិភូយើងបានដើរមើលនៅលើកំពង់ផែ រួចដើរទស្សនាទីកន្លែងផ្សេងៗ និងលោក លូ គឹមឈុន បានអញ្ជើញប្រតិភូខេត្តបាត់ដំបងទាំងអស់ បានទទួលទានអាហារពេលល្ងាចជាមួយគ្នា ព្រមទាំងប្រគល់វត្ថុអនុស្សារីយ៍ជូនម្ចាស់ផ្ទះផងដែរ។

លោក​ ថៃ​ ឫទ្ធី​ បានឡើងធ្វើបទបង្ហាញអំពីការអភិវឌ្ឍកំពង់ផែ ដែលកំពុងកសាងបណ្តើរៗ តាំងពីកំពង់ផែទឹករាក់ មកជាកំពង់ផែទឹកជ្រៅ នាពេលអនាគត់នេះផងដែរ។ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ គឺជាកំពង់ផែរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា មិនមែនជារបស់ខេត្តព្រះសីហនុម្នាក់ឯងនោះទេ។

បច្ចុប្បន្នកំពង់ផែ កំពុងកសាងពង្រីកបន្ថែមឲ្យធំ និងជ្រៅជាងមុនងាយស្រួលដល់នាវាដឹកទំនិញធំៗចេញ-ចូលក្នុងប្រទេស និងចេញទៅក្រៅប្រទេស បានស្រួល និងទាក់ទាញបាននាវាអន្តរជាតិបរទេសធំៗ បានចេញ-ចូលផង និងមានប្រាក់ចំណូលរដ្ឋបានច្រើន ចូលរួមកំណើនសេដ្ឋកិច្ចជាតិទៀតផង៕