(ភ្នំពេញ)៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូស នៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ ដោយគិតដល់ថ្ងៃ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចុះយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌដែលមានបញ្ហាប្រឈមជំងឺគ្រុនឈាម គឺអនុវត្តបាន៤៧សង្កាត់ហើយ លើ១០៥សង្កាត់ ក្នុងចំនួន៩ ដែលបានបាញ់ថ្នាំរួចរាល់ បាន៤ខណ្ឌហើយ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ហើយនៅថ្ងៃទី១-២ ខែមីនានេះ ក្រុមការងារចុះបាញ់ក្នុងខណ្ឌទួលគោក ឲ្យរួចរាល់ទាំងស្រុងតែម្តង។

ជាមួយគ្នានេះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លា ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នា លុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។

សូមជម្រាបថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិន ដូចជា៖ ពាងទឹក អាងទឹក ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុក ឬបោះចោលពាសវាលពាសកាល បង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ យើងត្រូវដាក់ថ្នាំអាបែត ក្នុងពាងទឹក និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕