(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ ចំនួន៦នាក់ ពាក់ព័ន្ធអំពើប្លន់៣ករណី។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យធ្វើសកម្មភាពប្លន់យកម៉ូតូចំនួន៣ករណី ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនចំនួន៦នាក់ រួមមាន៖ ទី១៖ឈ្មោះ ផល ពិសាល ហៅជ្រូក, ទី២៖ឈ្មោះ ដួង រស្មី ហៅហ្វី, ទី៣៖ឈ្មោះ ផាត សុភក្ត្រា ហៅវីន, ទី៤៖ឈ្មោះ សៅ រតនា ហៅឃ្មុំ, ទី៥៖ឈ្មោះ ផាន រតនៈពិសាល និងទី៦៖ឈ្មោះ ហុង សុធារស។

លោកបានបញ្ជាក់ថា ចំពោះការធ្វើសកម្មភាពវិញ ករណីទី១៖ ប្រព្រឹត្តនៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ភារៈបាត់បង់ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខតាកែវ1Z-6282, ករណីទី២៖ ប្រព្រឹត្តនៅចំណុចខាងជើងច្រកចូលបុរីវីអាយភីចម្ងាយ១០ម៉ែត្រ ផ្លូវលេខ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KG-7339 និងករណីទី៣៖ ប្រព្រឹត្តនៅចំណុចលើស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JH-9723។

វត្ថុតាង (ម៉ូតូជិះធ្វើសកម្មភាព) ដែលចាប់យកបាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ឈាមជ្រូក សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1AS-0651, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JT-9532។ ភស្តុតាង (ម៉ូតូរបស់ជនរងគ្រោះឈ្មោះ ជា ឈួយ) ដែលចាប់យកបានម៉ូតូដែលប្លន់បានម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខតាកែវ1Z-6282។

បច្ចុប្បន្នជនសង្ស័យ វត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព និងម៉ូតូជារបស់ជនរងគ្រោះ ដែលចាប់យកបានខាងលើ កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕