(ពោធិ៍សាត់)៖ លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់, លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍, លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោក ម៉ៅ សាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងក្រុមចលនាស្ត្រី ខេត្តពោធិ៍សាត់ ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌល អភិវឌ្ឍន៍ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់។

លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង ពុំខ្លាចពីការនឿយហត់របស់បងប្អូននារី នៅគ្រប់លំដាប់ថ្នាក់ ដែលមានស្មារតី ឆន្ទះ ចូលរួមក្នុងការងារសង្គម។ ឆ្លងតាមរយៈសកម្មភាពឃើញថាសាខាសមាគមនារី និងក្រុមចលនាស្ត្រី ពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែមានភាពប្រែប្រួល រីកចម្រើន អំពីស្ថានភាព ជីវភាព ឋានៈ និងតួនាទី បានក្លាយជាអ្នកដឹកនាំ ក្នុងមុខងារនយោបាយនិងមុខងារសាធារណៈ។ នៅក្នុងខេត្ត បានរៀបចំរចនាសម្ពន័្ធ មាន១ គណៈកម្មការ ៥អនុសាខា មាន៤១បណ្តាញបណ្តាស្រុក ក្រុង៧ អនុសាខា និង៥២២បណ្តាញ និងមានសមាជិកភាព ចំនួន៤១៥២រូប ក្នុងនោះពង្រីកថ្មី៦៧រូប និងបានចូលរួមថវិកាប្រចាំឆ្នាំសរុប ចំណូលបានជាង៤២,២៤២ដុល្លារ។

លោកស្រី ឯម ប៉ុណ្ណា និងលោក ខូយ រីដា បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រី ដែលបានរៀបចំពង្រឹង និងពង្រីករចនាសម្ពន្ធ័បណ្តាញសមាគមនារី ឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាពស្ត្រី ជាពិសេសអំពីតួនាទី ឋានៈ ចំណេះដឹងជំនាញ ក៏ដូចចូលរួមដោះស្រាយនូវក្តីកង្វល់ បញ្ហាប្រឈម និងតម្រូវការរបស់ស្ត្រីនិងកុមារ ទូទាំងខេត្តកាន់តែមានភាពរឹងមាំ។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្ត គឺជាអង្គការមហាជន ដែលបានបង្កើត ឡើងតាំង ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ ក្រោមទង់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងកាលៈទេសៈប្រទេសជួបវិបត្តិ នៃសង្គ្រាមបង្កឡើងដោយរបប ប្រល័យពូជសាសន៍។ រហូតមកដល់ ពេលនេះសមាគមនារីបាននឹងកំពុងបំផុសបងប្អូននារី គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស រួមគ្នាជាកម្លាំងគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាន់ខ្ជាប់នូវទស្សនៈ អ្វីៗទាំងអស់ ដើម្បីសុខុមាលភាពរបស់ស្រ្តី និងកុមារ ។

ថ្នាក់ដឹកនាំទាំង២ បានសំណូមពរដល់បងប្អូននារី ចូលរួមគ្រប់សកម្មភាពទាំងការងារចាត់តាំង គ្រប់គ្រង សតិអារម្មណ៍ ត្រូវចៀសវាងដាច់ខាត នូវការចាញ់ ល្បិចកលឆបោក ឃោសនាអកុសលរបស់បុគ្គលមួយចំនួន និងត្រូវចេះគៀងគរ រួបរួមសាមគ្គីជួយគ្នាទៅវិញទៅមកប្រៀបដូចមហាគ្រួសារតែមួយ។ ជាមួយគ្នានោះ ត្រូវមានជំនឿជឿជាក់ថា សមាគមនារីខេត្តពោធិ៍សាត់ ពិតជាចូលរួមបំពេញការងារ ដ៏មានអត្ថន័យ និងជាប្រវតិ្តសាស្ត្រ ហេតុនេះសូមឱ្យបងប្អូននារីយើង ខិតខំប្រឹងប្រែង និងទទួលខុសត្រូវ ទាំងថ្នាក់ដឹកនាំអនុសាខា និងទាំងបណ្តាញនៃអង្គភាពនីមួយៗ ព្រមទាំងធ្វើការផ្សព្វផ្សាយបាន យល់ដឹង អំពីលក្ខន្តិកៈសមាគមនារី ត្រូវចេះគ្រប់គ្រង ដឹកនាំស្វែងរកមូលនិធិសម្រាប់ទ្រទ្រង់ សកម្មភាព អនុសាខា និងជួយទៅដល់ជន ងាយរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា និងចំគោលដៅប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

នៅក្នុងខណៈនោះអង្គសន្និបាត បានប្រកាសទទួលស្គាល់ ក្រុមចលនាស្រ្តី ចំនួន២១រូប ដែលមានលោកស្រី ឈឹម ស៊ីណា ជាប្រធាន ព្រមទាំងបានចូលរួមបង់ថវិកាប្រចាំឆ្នាំ របស់សមាជិកកិត្តិយស និងសមាជិកាសាខា នាពេលនោះផងដែរ៕