(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំប្រតិភូគណៈ គ.ជ.ប ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នាព្រះរាជដំណាក់វត្តឧណ្ណាលោមរាជធានីភ្នំពេញ។

ក្នុងសមានទុក្ខដ៏សង្វេគក្រៀមក្រំ ប្រធាន គ.ជ.ប និងប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងអស់ បានលំឱនកាយថ្វាយបង្គំគោរពដល់ព្រះសព និងឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ អគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។

លោក ប្រាជ្ញ ចន្ទ និងប្រតិភូ មានសេចក្តីសង្វេគ សោកស្ដាយ អាឡោះ អាល័យជាពន់ពេក ស្ទើររកទីបំផុតគ្មាន ចំពោះការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។

ការយាងចូលទិវង្គតរបស់ព្រះអង្គ ជាការបាត់បង់ដ៏ធំធេងរបស់ជាតិនិងប្រជាជនកម្ពុជា។ ក្នុងពេញមួយព្រះជន្ម របស់សម្តេច សម្តេចបានខិតខំអស់ព្រះកាយពល ធ្វើពលិកម្មគ្រប់បែបយ៉ាង បូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសសម្តេចបានធ្វើពលិកម្ម ដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតអស់ព្រះជន្ម៕