(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានជួបជុំសមាជិក សមាជិកា ក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីរាជការជានារីនៃក្រសួងទេសចរណ៍ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»

គោលបំណងនៃទិវាអន្តរជាតិនារីលើកទី១១៣ គឺដើម្បីរំលេចសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងយុគសម័យឌីជីថល ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងធានាបាននូវសិទ្ធិ ព្រមទាំងឱកាសពេញលេញក្នុងការទទួលបានជម្រើស និងភាពជាតំណាងប្រកបដោយសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាបន្ន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងទេសចរណ៍មានភាពចាំបាច់ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កើតបរិស្ថានអំណោយផល និងផ្តល់ឱកាសឱ្យស្ត្រីបានបន្តចូលរួមយ៉ាងពេញលេញក្នុងការអនុវត្តសិទ្ធិ និងករណីយកិច្ច ព្រមទាំងទទួលបានផលប្រយោជន៍ពីកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយសមធម៌ និងសមភាព តាមរយៈការបន្តគិតគូរដល់ស្ត្រីដែលបម្រើការក្នុងវិស័យមាសបៃតងមួយនេះ ដោយដាក់ចេញនូវផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ និងកម្មវិធីអភិវឌ្ឍនានារបស់ក្រសួង៕