(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) នៅកម្ពុជា» ដំណាក់កាលទី៣ ក្រោមអធិបតីភាពលោក មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលទទួលបន្ទុកកិច្ចការពាក់ព័ន្ធ ទៅនឹងការអនុវត្តគម្រោងក្រោមយន្ដការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP), តំណាងអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រុមការងារកម្មវិធី Partnerships for Infrastructure (P4I) នៃរាជរដ្ឋាភិបាលអូស្រា្តលី និងតំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា។

លោករដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាល ដែលទទួលបានកិច្ចសហការគាំទ្រ ដោយរដ្ឋាភិបាលអូស្រ្តាលី តាមរយៈក្រុមការងារ P4I ដើម្បីចែករំលែក ផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីវដ្តនៃគម្រោង PPP, ច្បាប់ស្តីពី PPP, នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោង PPP, និងក្របខ័ណ្ឌនៃការអនុវត្តគម្រោង PPP ឱ្យបានពេញលេញ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទទួលបន្ទុកកិច្ចការពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដែលជាតួអង្គសំខាន់ក្នុងការអនុវត្តគម្រោងដោយផ្ទាល់នៅតាមក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដើម្បីគាំទ្រ ដល់ការអភិវឌ្ឍ និងការអនុវត្តគម្រោងវិនិយោគសាធារណៈតាមយន្ដការ PPP នៅព្រះរាជាណាចក្រកម្ពុជា ប្រកប ដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ជាមួយគ្នានេះ, លោករដ្ឋលេខាធិការ បានគូសរំលេចជូនអង្គសិក្ខាសាលាផងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្សនៅកម្ពុជា (Capacity Building Plan) ដែលរៀបចំឡើងក្រោមជំនួយបច្ចេកទេសពីរដ្ឋាភិបាលអូស្ត្រាលី ក្រោមក្របខ័ណ្ឌកម្មវិធី P4I ដោយផ្អែកទៅលើការវិភាគនៃតម្រូវការជាក់ស្តែង (Needs Assessment) សម្រាប់យន្តការ PPP នៅកម្ពុជា។

កម្មវិធីអភិវឌ្ឍន៍សមត្ថភាពនេះ ត្រូវបានក្រុមការងារ P4I រៀបចំឡើងយ៉ាងលម្អិតដោយគ្របដណ្តប់ លើគ្រប់ទិដ្ឋភាពនៃវដ្តគម្រោង PPP និងត្រូវបានឆ្លងកាត់ការប្រជុំពិភាក្សាជាបន្តបន្ទាប់ ដើម្បីពិនិត្យ, កែសម្រួល និងផ្តល់យោបល់ឱ្យស្របតាម ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងឧត្តមានុវត្តអន្ដរជាតិ។

កម្មវិធីអភិវឌ្ឍន៍សមត្ថភាពនេះ ត្រូវបានរៀបចំឡើងជា ៣ដំណាក់កាល, ផ្អែកតាមសមិទ្ធិផលនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី១ និងទី២ កន្លងមក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រុមការងារ P4I បានបន្ដកិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល នៅដំណាក់កាលទី៣នេះ ដោយសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។

វគ្គបណ្តុះបណ្តាលដំណាក់កាលទី៣ ស្ដីពី «ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) នៅកម្ពុជា» ត្រូវបានរៀបចំឡើងជា ២ កម្រិត ដោយបែងចែក សម្រាប់កម្រិតថ្នាក់ដឹកនាំ ប្រព្រឹត្តឡើងរយៈពេលកន្លះថ្ងៃ គឺថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងសម្រាប់កម្រិតមន្រ្តីគ្រប់គ្រងគម្រោង មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ទី១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ហើយការបញ្ចប់វគ្គបណ្តុះបណ្តាលដំណាក់កាលទី៣នេះ ក៏តម្រូវឱ្យសិក្ខាកាម ដែលបានចូលរួមធ្វើការប្រឡងនៅ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួម។

រដ្ឋលេខាធិការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួម និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ក្រេបយកនូវចំណេះដឹង ព្រមទាំងបានចាប់យកឱកាសដ៏មានតម្លៃនេះ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ ទៅលើប្រធានបទនៃកម្មវិធីសិក្សានីមួយៗ។

បន្ថែមលើនេះ លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមការងារ P4I ដើម្បីពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាបន្តបន្ទាប់ទៀត ស្របតាមផែនការកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្សសម្រាប់យន្តការ PPP នៅកម្ពុជា៕