(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវពង្រឹង អនុវត្តនៅគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ជាពិសេសត្រូវបង្ក្រាប នៅល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ការថ្លែងលើកឡើងបែបនេះរបស់លោកអភិបាលខេត្តព្រៃវែង គឺនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។

ជាមួយគ្នានេះលោក អភិបាលខេត្តបានគូសបញ្ជាក់ថា «ដើម្បីអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា មន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណា ដើម្បីលុបបំបាត់ឱ្យបានរាល់ ភាពអសកម្មមួយចំនួននៅតាមមូលដ្ឋាន»។ ជាមួយគ្នានេះ ត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅតាមមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយភាពកក្តៅ។

បន្ថែមលើសពីនេះ លោកអភិបាលខេត្ត ក៏បានកោតសរសើរនិងមានតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ រដ្ឋបាលក្រុង ស្រុក ទាំង១៣ នៃខេត្តព្រៃវែង ដែលបានអនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនលើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្តបានជំរុញដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរឡើងបន្ថែមទៀត ក្នុងការបំពេញតម្រូវការចាំបាច់របស់គាត់។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងតាមដាននៅផែនការសកម្មភាពរបស់មន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក ទាំងអស់នៃខេត្តព្រៃវែង ដែលអង្គភាពទាំងអស់នោះបានអនុវត្តកន្លងមក ដើម្បីពិនិត្យនិងតាមដាន បំពេញបន្ថែមនូវចំណុចខ្វះខាត ទាំងអស់នោះឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕