(ភ្នំពេញ)៖ នៅដើមសប្តាហ៍នេះអ្នកវិនិយោគអាមេរិកប្រមាណពីរក្រុម បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់ពួកគេ គឺស្វះស្វែងរកឱកាសវិនិយោគថ្មី និង​ពង្រីក​ការ​វិនិយោគដែលពួកគេកំពុងមាននៅកម្ពុជា។

ក្រុមអ្នកវិនិយោគទាំងពីរក្រុមនោះ មួយក្រុមមកពីក្រុមហ៊ុន Jones Group International ដឹកនាំដោយ​លោកឧត្តមសេនីយ៍ ជែមស៍ ចូនស៍ (General James L. Jones) នាយកប្រតិបត្តិក្រុម​ហ៊ុន Jones Group International និងមួយក្រុមទៀតមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់​គ្រងក្រុមប្រឹក្សាធុរកិច្ច​អាមេរិ​ក​-អាស៊ាន​។ ក្រុមទីពីរនេះ បាននាំមកជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៧។

អ្នកវិនិយោគទាំងពីរក្រុមនេះ សុទ្ធតែទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា ឱ្យជួបពិភាក្សាការងារពាក់ព័ន្ធការធ្វើធុរកិច្ច ការវិនិយោគនៅកម្ពុជាដោយផ្ទាល់។ ពួកគេក៏​បាន​​ជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធ និងវិស័យឯកជនផងដែរ។

ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, អ្នកវិនិយោគទាំងពីរក្រុមបានទស្សនៈប្រកបដោយក្តីសោមនស្ស​រីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបផ្ទាល់ជាមួយសម្តេចនាយករដ្ឋមន្ត្រី។ ពួក​គេ បានមើលឃើញពីសក្តានុពលជាច្រើនដែលអាចបើកការវិនិយោគថ្មី និងពង្រីកការវិនិយោគដែលពួកគេ​មាន​​ស្រាប់នៅកម្ពុជា។ ដោយឡែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រៅតែបើកបង្ហាញពីជំហររបស់​រាជ​រដ្ឋាភិបាលសម្រាប់ការវិនិយោគរបស់បរទេស ក៏ដូចជាគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់​កម្ពុជា​ហើយនោះ សម្តេចក៏បានប្រកាសស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះគម្រោងវិនិយោគទាំង​ឡាយរបស់វិនិយោគិនអាមេរិក។

បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជារយៈពេលប្រមាណ៤ថ្ងៃ លោកឧត្តមសេនីយ៍ ជែមស៍ ចូនស៍ បានមើល​ឃើញ​​ថា កិច្ចសហប្រតិបត្តិការលើការវិនិយោគ និងធ្វើធុរកិច្ចរវាងវិស័យឯកជន និងវិស័យឯកជន គឺជា​ឱកាសល្អមួយសម្រាប់កម្ពុជា និងអាមេរិក។ សម្រាប់លោកឧត្តមសេនីយ៍ ជែមស៍ ចូនស៍ បានមើល​ឃើញថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនមិនត្រឹមតែជួយឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាង​កម្ពុជា និងអាមេរិកល្អប្រសើរនោះទេ តែក៏នឹងរួមចំណែកឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក ល្អប្រសើរផងដែរ។

ក្រោយពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា គេបានសង្កេតឃើញ​ថា មានជំនួបជាច្រើនរវាងសម្តេចធិបតីជាមួយមន្ត្រីជាន់ខ្ពស់របស់អាមេរិក និងអ្នកវិនិយោគរបស់អាមេរិក​ផង​ដែរ។ តាមរយៈជំនួបរបស់នាយករដ្ឋមន្ត្រីអតីតនិស្សិតពីសាលាយោធាអាមេរិកជាមួយមន្ត្រី និងអ្នក​វិនិ​យោគអាមេរិកនេះ ជាសញ្ញាណល្អនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឬយ៉ាងណា?

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាសេនាធិការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចការ​វិនិ​​យោគ បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលថ្មីបដិសន្ធិឡើង អ្នកវិនិយោគអាមេរិកចង់ដឹងពី​ជំហរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ អាស្រ័យហេតុនេះហើយទើបអ្នកវិនិយោគ​អាមេរិកធ្វើដំណើរមកកាន់កម្ពុជា ដើម្បីស្វែងយល់លើបញ្ហាទាំងអស់នេះ។

«សូមបញ្ជាក់ម្តងទៀតថា រាជរដ្ឋាភិបាលយើងអត់មានការរើសអើងទេ។ ច្បាប់វិនិយោគរបស់កម្ពុជា គឺអនុញ្ញាតឱ្យអ្នកវិនិយោគទាំងអស់ នៅទូទាំងពិភពលោកអាចដាក់ទុននៅកម្ពុជា ហើយមានការលើកទឹកចិត្តដូចគ្នា។ មិនមែនចិនបានច្រើនជាងអាមេរិក ឬអាមេរិក បានច្រើនជាងប្រទេសថៃនោះទេ...»។ នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញជំហររបស់រាជរដ្ឋាភិបាលលើការវិនិយោគ​ផង​ដែរ​ថា រាជរដ្ឋាភិបាលស្វាគមន៍អ្នកវិនិយោគរបស់អាមេរិក ហើយក៏ចង់ឱ្យអ្នកវិនិយោគអាមេរិក វិនិយោគកាន់​តែច្រើននៅកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ «ជំហររបស់សម្តេចនាយករដ្ឋមន្ត្រី គឺច្បាស់ណាស់។ កម្ពុជា ស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទីទាំងអស់ ថែមទាំងមកពីសហរដ្ឋអាមេរិក។ យើងចង់ឃើញក្រុមហ៊ុនសហរដ្ឋអាមេរិកមកដាក់ទុនឱ្យបានច្រើននៅកម្ពុជាយើង»

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ១៩៩៤ ដល់ខែមករា ឆ្នាំ២០២៤ ទុនវិនិយោគរបស់អាមេរិកនៅកម្ពុជា មានទឹកប្រាក់សរុបជាង១ពាន់ ៧៧លានដុល្លារ​អាមេរិក។ សម្រាប់ខែមករា ឆ្នាំ២០២៤នេះវិញ មានក្រុមហ៊ុនអាមេរិក ដាក់ទុនវិនិយោគនៅកម្ពុជាប្រមាណ ១០លានដុល្លារអាមេរិក ឈរនៅចំណាត់ថ្នាក់លេខ៣។

របាយការណ៍បង្ហាញថា ក្រុមហ៊ុនរបស់អាមេរិក វិនិយោគលើវិស័យកសិកម្ម, កសិក-ឧស្សាហកម្ម, ឧស្សាហកម្ម និងទេសចរណ៍៕