(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុប លោក Igor Driesmans បានបញ្ជាក់ជំហរដ៏រឹងមាំ ក្នុងការបន្ដកិច្ចសហប្រតិបត្ដិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសការបន្តគាំទ្រគម្រោងគាំពារសុខភាពសង្គម ។

ការថ្លែងដូច្នេះរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក្នុងឱកាសដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាទីស្ដីការក្រសួង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ។

លោកឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុប បានថ្លែងបន្ដថា សហភាពអឺរ៉ុបនឹងបន្ដគាំទ្រ គម្រោងកាកបាទក្រហមកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម។ ទន្ទឹមនឹងនោះលោកក៏បានស្នើសុំក្រសួងសុខាភិបាល ជួយផ្តល់ដំណឹង និងលើកទឹកចិត្តដល់និសិត្យកម្ពុជា ឱ្យចូលរួមក្នុងកម្មវិធីអាហារូបករណ៍តាមរយៈ ERASMUS ផងដែរ។

ក្នុងឱកាសនោះឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងអបអរសាទរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកទទួលបាននូវគ្រឿង ឥស្សរិយយសខ្ពស់ជាងគេបំផុត ឡា ឡេស្យុង ដោនើរ (La Légion d’honneur) ពីប្រទេសបារាំង ដែលជាសមាជិកសភាពអឺរ៉ុប នាពេលថ្មីៗនេះ។

ជាការឆ្លើយតបលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ជាពិសេសឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ការវិនិយោគរបស់សហគ្រាស នៃរដ្ឋសមាជិកសហភាពអឺរ៉ុប លើកការផលិតឱសថ វ៉ាក់សាំង និងបរិក្ខារវេជ្ជសាស្ត្រ ដែលមានគុណភាពខ្ពស់ និងនិយាមអន្តរជាតិ ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ព្រមជាមួយគ្នានោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ដល់បណ្តាប្រទេសជារដ្ឋសមាជិក នៃសហភាពអឺរ៉ុប ដែលបានសហការគាំទ្រវិស័យសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា នាពេលកន្លងមកដូចជា សាធារណរដ្ឋឆេកបានជួយលើ គម្រោងអភិវឌ្ឍពង្រឹងសមត្ថភាពការថែទាំជុំវិញកំណើត (Perinatal care center) គម្រោងសុខភាពមាតា និងទារកទើបនឹងកើត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (GDR) បាននិងកំពុងជួយគម្រោងគាំពារសុខភាពសង្គម កម្មវិធីសមធម៌សុខភាព និងលើកកម្ពស់គុណភាពសេវានៅកម្ពុជា គម្រោងសុខភាពតែមួយ (One Health 4 Cambodia) ប្រទេសបារាំង បានជួយការងារបណ្តុះបណ្តាលវេជ្ជបណ្ឌិតឯកទេស ជារៀងរាល់ឆ្នាំ បណ្តាលប្រទេសអឺរ៉ុបខាងជើង (Nordic Country) ជួយគម្រោងមូលនិធិសាកល ជាពិសេសគឺការផ្តល់ជំនួយវ៉ាក់សាំងតាមរយៈ កម្មវិធីCOVAX និងតាមរយៈជំនួយទ្វេភាគីជាដើម ក្នុងគោលដៅចូលរួមចំណែកគាំទ្រឱ្យកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage-UHC)។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូសហភាពអឺរ៉ុប អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច ដែលក្រសួងសុខាភិបាលកម្ពុជាបាន និងកំពុងអនុវត្ដនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានរំលឹកពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការគាំទ្រពីបណ្តាលសមាជិកនៃសហភាពអឺរ៉ុប ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងពេលផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩៕