(ភ្នំពេញ)៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបានផ្សព្វផ្សាយព័ត៌មានថា អាជ្ញាធរខណ្ឌព្រែកព្នៅ បានប្រើប្រាស់អំពើហិង្សាលើប្រជាពលរដ្ឋដែលតវ៉ាចំពោះការជីកប្រឡាយរំដោះទឹក ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយ ព័ត៌មានមិនពិត បំផ្លើសបំភ្លៃមានចេតនាចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញ ភារកិច្ចស្ថាបនាប្រឡាយរំដោះទឹក ដើម្បីបញ្ចៀសការជន់លិចក្នុងភូមិសាស្ត្រខណ្ឌ។

ក្នុងអំឡុងពេលស្ថាបនាប្រឡាយរំដោះទឹកខាងលើ មានអ្នកតវ៉ាមួយចំនួនដែលជឿតាមការ អុចអាលរបស់មេខ្យល់ បានចេញមករារាំងដោយមានកាន់ដបសាំង ដំបង-ដុំថ្ម ដើរសំដៅទៅបំផ្លិចបំផ្លាញ គ្រឿងចក្រ ចាក់សាំងដុតបណ្តាលឲ្យឆេះ បង្កចលាចល និងសម្រុករុញច្រានមកលើអាជ្ញាធរមានសមត្ថកិច្ច ដែលជាចេតនាប៉ុនប៉ងបង្ករបួសស្នាម និងញុះញង់ឱ្យមានអំពើហិង្សា រួចរង់ចាំថតរូបភាព ដើម្បីបង្កើតព្រឹត្តិការណ៍ទម្លាក់កំហុសមកលើអាជ្ញាធរ។

ក្នុងហេតុការណ៍នេះ អាជ្ញាធរមានសមត្ថកិច្ចមានការអត់ធ្មត់ ខ្ពស់បញ្ចៀសបានអំពើហិង្សា មិនដូចការចោទប្រកាន់ និងការផ្សព្វផ្សាយខាងលើឡើយ។ ផ្ទុយមកវិញ ប្រជាពលរដ្ឋទាំងនេះបានចូលមកតាំងទីលំនៅខុសច្បាប់ ជាសំណង់មិនរៀបរយនៅលើដីចំណីផ្លូវសាធារណៈ និងនៅលើដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ។ រីឯការដ្ឋានស្ថាបនាប្រឡាយមេរំដោះទឹក ក៏ស្ថិតក្នុងដីរបស់រដ្ឋ និងមិនប៉ះពាល់ដល់លំនៅដ្ឋានរបស់ពួកគាត់ទេ។

កន្លងមក ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទទួលគោលនយោបាយពីរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណ៤០គ្រួសារ បានទទួលយកដី-ផ្ទះ និងថវិកាមួយចំនួនចាកចេញទៅរស់នៅ ទីតាំងថ្មីដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីទីតាំងចាស់ ស្ថិតនៅតាមបណ្ដោយផ្លូវ១៥១ដដែល និងស្ថិតក្នុងភូមិ-សង្កាត់ ដដែល ហើយអាជ្ញាធរបានផ្តល់ជូនប័ណ្ណកម្មសិទ្ធិស្របច្បាប់ តភ្ជាប់បណ្តាញទឹកស្អាត-អគ្គីសនី-ប្រព័ន្ធលូ ជូនដោយឥតគិតថ្លៃផងដែរ។

រដ្ឋបាលខណ្ឌព្រែកព្នៅ សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការអនុវត្តគម្រោង ស្ថាបនាប្រឡាយនេះ និងស្ម័គ្រុចិត្តទទួលយកគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបញ្ឈប់ការជឿតាមការញុះញង់របស់មេខ្យល់ជាជនអគតិមួយក្ដាប់តូច និងការផ្សព្វផ្សាយព័ត៌មានដែល មានចេតនាបំផ្លាញមុខមាត់រាជរដ្ឋាភិបាល និងរារាំងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ចំពោះបុគ្គលដែល ប្រព្រឹត្តបទល្មើសរារាំងការបំពេញភារកិច្ចរបស់អ្នករាជការសាធារណៈ ប៉ុនប៉ងបង្ករបួសស្នាម និងបំផ្លិច បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ រដ្ឋបាលខណ្ឌព្រែកព្នៅ នឹងពិចារណាចាត់វិធានការតាមផ្លូវច្បាប់៕