(ស្វាយរៀង)៖ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង បានថ្លែងណែនាំដល់ នាយទាហាន និងពលទាហានទាំងអស់ត្រូវគោរព និងអនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជា និងគោលនយោបាយរបស់កងយោធពលខេមរភូមិន្ទ ជាពិសេស អនុវត្តឲ្យបានត្រឹមត្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែក ធ្វើឲ្យភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អ។

ការថ្លែងបែបនេះ របស់លោកអភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ចើញបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពលំហាត់របៀប យុទ្ធវិធី បច្ចេកទេស អាវុធថ្មើជើង និងអប់រំចិត្តសាស្ត្រដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងស្វាយរៀងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។

លោកអភិបាលរងខេត្ត បានថ្លែងទៀតថា ក្នុងនាមលោកអភិបាលខេត្ត សូមចូលរួមអបអរសាទរចំពោះសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននូវថ្ងៃនេះ​ ដែលជាមោទនភាពមួយ ជំរុញឲ្យយោធិននៅគ្រប់កងឯកភាពទាំងអស់ បានខិតខំប្រឹងប្រែងទៅលើចំណេះ ជំនាញ សមត្ថភាព ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង​ ក្នុងនាមជាយោធាការសុខសន្តិភាពជូនប្រជាពលរដ្ឋ។

លោកបានថ្លែងនូវការកោតសរសើរ ដល់យោធិនទាំងអស់ ដែលគោរពវិន័យបានល្អ ក្នុងពេលហ្វឹកហ្វឺន ដោយសិក្ខាកាមមួយភាគធំបានក្លាយខ្លួនជាយោធិនគំរូ និងសូមជំរុញ ដល់គ្រប់កងឯកភាពចំណុះ អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបន្តខិតខំពង្រឹងកិច្ចទំនាក់ទំនងល្អ ​ជាមួយប្រទេសជាប់ព្រំដែន ហើយសហការគ្នាឲ្យបានស្អិតរមួត ជាពិសេស កងទ័ពដែលមានទីតាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែននានាដូចជាការជួញដូរគ្រឿងញៀន ការជួយដូរមនុស្សជាដើម គឺត្រូវរួមគ្នាដោះស្រាយរាល់បាតុភាព ដែលកើតមានឡើងដោយសន្តិវិធី៕