(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កា ជាមួយ លោកស្រី Dominique Hasler រដ្ឋមន្រ្តីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រលិចតិនស្តាញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកឡើងវិញនូវការពិភាក្សាប្រកបដោយផ្លែផ្កា កាលពីជំនួបលើកដំបូងក្នុងឱកាសនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក និងបានសង្កត់ធ្ងន់ពីសម្ទុះវិជ្ជមាននៃមិត្តភាពដែលកំពុងរីកលូតលាស់រវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលលិចតិនស្តាញ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសអាទិភាពមួយ ក្នុងចំណោមប្រទេសអាទិភាពទាំងប្រាំបួន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានសម្តែងក្តីរីករាយដែលប្រទេសទាំងពីរ បានសម្រេចនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងគោលបំណងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញនូវការជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យជាច្រើនដែលផ្តល់ផលប្រយោជន៍រួម។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍នូវបំណងរបស់ លោកស្រី Dominique Hasler ក្នុងការបង្កើតការិយាល័យផ្នែកអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលនឹងជួយសម្របសម្រួលដល់ការអនុវត្តគម្រោងដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតលើវិស័យមានសក្តានុពល ជាពិសេសវិស័យអបរំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របនឹងគោលនយោបាយយកប្រជាជនជាស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋា-ភិបាលកម្ពុជា។ រដ្ឋមន្រ្ដីការបរទេសទាំងពីរ ក៏បានឯកភាពស្វែងរកលទ្ធភាពក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ បន្ថែមពីនេះ រដ្ឋមន្រ្ដីការបរទេសទាំងពីរ ក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោកស្រី Dominique Hasler បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេដើម្បីរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ។

គួរឱ្យកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចរបស់ លោកស្រី Dominique Hasler ដែលជាទស្សនកិច្ចថ្នាក់រដ្ឋមន្រ្តីជាលើកដំបូង នៃបុរីក្សត្រលិចតិនស្តាញ មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជា-បុរីក្សត្រលិចតិនស្តាញ៕