(សៀមរាប)៖ នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤នេះ កម្ពុជា-ជប៉ុន រៀបចំកិច្ចសន្ទនាថ្នាក់ឧត្តមមន្រ្តីការពារជាតិលើកទី១ ឆ្នាំ២០២៤ ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ នៅខេត្តសៀមរាប ក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូជប៉ុន ដឹកនាំឯកឧត្តម SERIZAWA Kiyoshi  អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិជប៉ុន ទទួលបន្ទុកកិច្ចការអន្តរជាតិ។

នាយឧត្តមសេនីយ៍ យន្ត មីន បាន​លើកឡើងថា កិច្ចប្រជុំថ្ងៃនេះ ដែលកើតឡើងក្រោមចក្ខុវិស័យដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ូមីអូ គឺស៊ីដា កាលពីខែធ្នូ កន្លងទៅថ្មីៗនេះ។ ការរៀបចំឲ្យមានកិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិកម្ពុជា-ជប៉ុន ក៏ជាជំហានដ៏សំខាន់មួយ នៅក្នុងការលើកកម្រិតនៃកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិរវាងប្រទេសទាំងពីរ តាមរយៈវេទិកាសន្ទនាថ្នាក់យុទ្ធសាស្ត្រ បន្ថែមពីលើយន្តការដែលមានស្រាប់ មានដូចជាយន្តការ PM និងយន្តការ MMជាដើម។

នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីនៃក្រសួងការពារជាតិកម្ពុជា-ជប៉ុន នឹងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងជាយន្តការកសាងគោលនយោបាយ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការយោធារវាង ប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនទូលំទូលាយទ្វេរឡើង ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស, ប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ ការដោះមីន សន្តិសុខក្នុងតំបន់។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា យើងក៏មានឱកាសបានផ្លាស់ប្តូរយោបល់គ្នា អំពីការវិវត្តន៍នៃសភាពការណ៍ សន្តិសុខ និងសភាពការណ៍យោធា នៅក្នុងតំបន់ផងដែរ។ ថ្វីត្បិតតែពេលនេះ គឺជាលើកដំបូងនៃកិច្ចសន្ទនាក៏ដោយ ក្នុងនាមក្រសួងការពារជាតិកម្ពុជា មានជំនឿថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរនៅថ្ងៃនេះ នឹងទទួលបានលទ្ធផលជាវិជ្ជមាន និងប្រកបដោយផ្លែផ្កា ជាពុំខាន។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ កម្ពុជា-ជប៉ុន លើកទី១ ក្នុង៥០ឆ្នាំកន្លងមក នឹងបានឯកភាពគ្នាប្រជុំបែបនេះ១ឆ្នាំម្តង ដោយប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនេះផងដែរ។

លោក SERIZAWA Kiyoshi បានលើកឡើងថា កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីនៃក្រសួងការពារជាតិកម្ពុជា-ជប៉ុន លើកទី១ក្នុងពេលនេះនឹងផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក ដោយស្មោះត្រង់ ជាកម្លាំងជំរុញដ៏សំខាន់ នៅក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ជាមួយនឹងលទ្ធផលប្រកបដោយផលិតភាព នៃកិច្ចសន្ទនាថ្ងៃនេះ នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកការអនុវត្តន៍កាន់តែមានប្រសិទ្ធភាព នូវផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា ក្នុងគោលបំណងធ្វើឲ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងជប៉ុនកាន់តែចម្រើនរុងរឿង ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកនៅក្នុងការលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

លោកសង្ឃឹមថា កិច្ចសន្ទនា SOD លើកទី២ ដែលអាចធ្វើនៅប្រទេសជប៉ុន និងកិច្ចសន្ទនា SODជាបន្តបន្ទាប់ នៅថ្ងៃអនាគត នឹងនាំមកនូវសមិទ្ធផល ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងជប៉ុនផងដែរ៕