(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ នៅបរិវេណវេទិកាក្នុងសាលាខេត្ត បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដោយបានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត សរុបប្រមាណ៥០០នាក់។

លោកស្រី សិទ្ធិ ណារ៉ាស៊ី ប្រធានមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់ បានឱ្យដឹងថា លទ្ធផលសម្រេចបានតាមវិស័យ ក្នុងឆ្នាំ២០២៣ ស្ត្រីបានបង្កើនភាពអង់អាច ដល់ស្ត្រីលើការងារកសិកម្មចម្រុះ ចំនួន៨០គ្រួសារ ​បញ្ជ្រាបការអប់រំស្ត្រី និងក្មេងស្រី​ ដែលមានខ្លឹមសារថា Çខ្ញុំមិនភ័យខ្លាចÈ បានចំនួន៣៦០នាក់ ក្នុងវិស័យនយោបាយ ស្ត្រីជាសមាជិកាក្រុមប្រឹក្សាខេត្ត២រូប ស្រុកក្រុង១៨រូប និងឃុំសង្កាត់៨៦រូប និងវិស័យមុខងារសាធារណៈ ស្ត្រីជាអភិបាលរងខេត្ត១រូប ស្រុកក្រុង៨រូប ព្រះរាជអាជ្ញារង១រូប ស្នងការរង១រូប ប្រធានមន្ទីរ២រូប និងអនុប្រធានមន្ទីរ១៣រូប។ លោកស្រីបានវាយតម្លៃថា បច្ចុប្បន្ននេះបងប្អូនស្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ បានខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទីភារកិច្ច បង្កើនសមត្ថភាពអភិវឌ្ឍន៍ខ្លួន និងកែប្រែស្ថានភាព និងផ្លាស់ប្តូរឥរិយាបថ ក្នុងការចូលរួមធ្វើសេចក្តីសម្រេច និងមានជំនឿទុកចិត្តលើខ្លួនឯង។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ស្ត្រីកំពុងតែបំរើការងារ នៅគ្រប់វិស័យ ដូចជាផ្នែកសុខាភិបាល អប់រំសិក្សាធិការ ពីថ្នាក់មតេ្តយ្យ ដល់កំរិតឧត្តមសិក្សា បម្រើការនៅក្នុងវិស័យច្បាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ច ជំនួញ ផ្នែកកសិកម្ម ឧស្សាហកម្ម និងនៅក្នុងជួរកម្លាំងប្រដាប់អាវុធ។ល។ នេះគឺជាសក្ខី ភាពបានបង្ហាញថា កម្ពុជាបានទទួលសន្តិភាពពេញលេញនៅទូទាំងប្រទេស តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន អតីនាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល នៅរៀងរាល់ឆ្នាំ បានណែនាំដល់គ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជនប្រារព្ធធ្វើទិវាអន្តរជាតិនារី ៨ មីនា ដោយឆ្នាំនេះ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល សូមគាំទ្រទាំងស្រុង ព្រោះស្របទៅតាម និន្នាការសកល ដើម្បីអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចេរភាព ដោយកំណត់យកអទិភាព គន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដ៏មានសារៈសំខាន់ មានសក្តានុពល និងការលានុវត្តភាព ក្នុងការជម្រុញផលិតភាពសេដ្ឋកិច្ច មានលក្ខណៈងាយស្រួល និងកាន់តែខិតជិតប្រជាពលរដ្ឋ។

លោកបានលើកឡើងទៀតថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែលើកឡើងថា ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងតួនាទីជាអ្នកដឹកនាំ បង្កលក្ខណៈអំណោយផល ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្ត និងកាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហឹង្សាមកលើស្ត្រី និងក្មេងស្រី។ ទាំងអស់នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតយកចិត្តទុកដាក់ ទៅលើការកសាងសសរស្តម្ភ ចំនួន៣សំខាន់ៗ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល សំដៅផ្លាស់ប្តូរការងារបែបប្រពៃណី ទៅជាប្រព័ន្ធស្វ័យប្រវត្តិកម្ម និងផ្តល់ឱកាសឱ្យមាននវានុវត្តន៍ថ្មីៗ នៅក្នុងសង្គមជាតិជំនាន់ថ្មី។ ភាពចាំបាច់ការអភិវឌ្ឍន៍ពលរដ្ឋ ជាពិសេសយុវជនឌីជីថល ត្រូវផ្តោតលើ៖ ១-ការបង្កើនការយល់ដឹងសារៈសំខាន់ និងកាលានុវត្តន៍សេដ្ឋកិច្ចឌីជីថល និង២-ជម្រុញចាប់យកជំនាញនៅក្នុងវិស័យឌីជីថល ទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

លោកសូមសម្តែងនូវការកោតសរសើរ ដល់បងប្អូននារី ទូទាំងខេត្ត ដែលបានខិតខំតស៊ូ អំណត់អត់ធ្មត់ ឧស្សាហ៍ព្យាយាម និងកែប្រែឥរិយាបថ និងទទួលបាននូវអត្ថប្រយោជន៍ ពីធនធានសេដ្ឋកិច្ច ស្និទ្ធិស្មើគ្នាជាមួយបុរស និងធ្វើឱ្យជីវិត រួចផុតពីភាពងាយរងគ្រោះ និងទទួលស្គាល់ថា ស្ត្រីមានសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ និងជំនាញ ព្រមទាំងមានសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍន៍សង្គម។ ជាការឆ្លើយតប និងមូលបទខាងលើរាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់ និងបន្តជុំរុញការអនុវត្តគោលនយោបាយ សមភាពយេនឌ័រ ដោយបានចាត់ទុកស្ត្រី ជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ច្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចេរភាព នៃសុខសន្តិភាព និងពន្លឿនល្បឿន នៃកិច្ចអភិវឌ្ឍជាតិនៅក្នុងយុគសម័យឌីជីថល និងការរកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងបានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួម ចំនួន៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុងម្នាក់មួយ ជាអំណោយរបស់លោក ខូយ រីដា និងលោកស្រី អាំង សុជាតា ខូយរីដា នាពេលនោះផងដែរ៕