(កណ្ដាល)៖ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភកុំព្យូទ័រ Labtop ដល់រដ្ឋបាលឃុំ-សង្កាត់ ចំនួន២៥នៅខេត្តកណ្ដាល ដើម្បីជាការចូលរួមចំណែកលើកកម្ពស់ និងពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កុំព្យូទ័រ Labtop ទាំងអស់នេះ ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ប្រគល់ជូនតាមរយៈលោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីទម្លាក់បន្ដទៅតាមបណ្ដាឃុំសង្កាត់ ដែលទទួលបានការឧបត្ថម្ភ។

ថ្លែងក្នុងឱកាសនោះ លោក គង់ សោភ័ណ្ឌ បានជំរុញដល់រដ្ឋបាលឃុំ-សង្កាត់ ដែលទទួលបានកុំព្យូទ័រ Labtop ត្រូវខិតខំយកចិត្តទុកដាក់ទៅលើការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងប្រមូលចំណូលមិនមែនសារពើពន្ធ ឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមចក្ខុវិស័យកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ និងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន, លោក រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានផ្តល់ជូនកុំព្យូទ័រ Labtop ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ដែលជាកម្មវិធីកែទម្រង់អន្តរវិស័យគន្លឹះមួយ របស់រាជរដ្ឋាភិបាល។

លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានឲ្យដឹងថា ពិធីប្រគល់កុំព្យូទ័រ Labtopនេះ គឺជាលើកទី២ហើយ ដែលលើកទី១បានផ្ដល់ជូនចំនួន១២គ្រឿង ដល់រដ្ឋបាលក្រុង-ស្រុក ហើយលើកទី២នេះ គឺបានផ្ដល់ជូនចំនួន ២៥គ្រឿង ជំហានទី១ ជូនដល់រដ្ឋបាលឃុំ-សង្កាត់ចំនួន ២៥ រួមមាន៖ ឃុំថ្មី, ឃុំរលាំងកែន, ឃុំបន្ទាយដែក, ឃុំសំរោងធំ, ឃុំកោះធំខ, ឃុំលើកដែក, ឃុំពោធិបាន, ឃុំកោះខ្សាច់ទន្លា, ឃុំស្វាយប្រទាល, ឃុំត្រើយស្លា, ឃុំខ្ពបអាទាវ, ឃុំពាមរាំង, ឃុំសណ្តារ, ឃុំព្រះប្រសប់, ឃុំព្រែកតាមាក់, ឃុំកោះកែវ, ឃុំកោះរះ,ឃុំសំបួរមាស, ឃុំរកាកោង១, សង្កាត់តាក្តុល, សង្កាត់រកាខ្ពស់, សង្កាត់បារុង, សង្កាត់ ពាមឧកញ៉ាអុង, សង្កាត់ជ្រោយតាកែវ និងសង្កាត់ព្រែកស្ដី៕