(ភ្នំពេញ)៖ ក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានផ្សព្វផ្សាយការរៀបចំកសាងសមិទ្ធផលប្រវត្តិសាស្ត្រ សួនតេជោសន្តិភាព។ ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសមាគមឧកញ៉ាជាច្រើមរូបទៀត។

យោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ បានថ្លែងថា ក្រោយការរៀបចំសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះនេះរួចហើយ ការតាមដាន ត្រួតពិនិត្យ និងសម្រេចលើអត្ថន័យដ៏មានសារៈសំខាន់នេះសួនប្រវត្តិកាល ក៏បានធ្វើការកែសម្រួលក្នុងដំណាក់កាលទី៣ ដោយផ្សារភ្ជាប់ជាមួយនឹងរូបភាពសួនតេជោសន្តិភាព ដើម្បីរៀបចំឱ្យទៅជាទីតាំងមួយដែលរក្សានូវទម្រង់ស្ថាបត្យកម្ម រួមបញ្ចូលជាមួយនឹងសួនតេជោសន្តិភាព។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថា ចំពោះសួនតេជោសន្តិភាព មានការរៀបចំឡើងទៅតាមគំនិតផ្តួចផ្តើមនិងដឹកនាំផ្ទាល់របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរៀបរាប់អំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែងនៃប្រវត្តិកាលនៃ អនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងទីតាំងភូមិសាស្ត្រដែលមានភាពជាក់ស្ដែងនេះ សួនតេជោសន្តិភាព ក៏ត្រូវបានបំពាក់បន្ថែមដោយសម្ភារៈ និងអាវុធយោធូបករណ៍នានាដូចជា៖ យន្តហោះចម្បាំង រថក្រោះ កាំភ្លើងធំ និងឧបករណ៍ផ្សេងៗទៀតដែលបានប្រើប្រាស់ក្នុងដំណាក់កាលសង្គ្រាមស៊ីវិល។ ហើយសួននេះក៏ត្រូវបានក្លាយទៅជាសំណង់ប្រវិត្តសាស្ត្រដែលត្រូវបានប្រជាជនសាទរ និងទស្សនាជារឿយៗ និងត្រូវបានចាត់ទុកថា ជាដំណើរការអនុវត្តលើភូមិសាស្ត្រជាក់ស្ដែងខ្នាតតូចមួយ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយមើលឃើញអំពីសារៈសំខាន់នេះសម្ដេចពិជ័យសេនា ទៀ បាញ់ បានឈានបន្តមួយជំហានទៀតក្នុងការកែសម្រួលបញ្ចូលគ្នារវាងស្ថាបត្យកម្មនៃសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ និងសួនតេជោសន្តិភាព ប្រែក្លាយទៅ «សួនតេជោសន្តិភាព» ដែលបង្ហាញអំពីវិមានឈ្នះឈ្នះ និងបង្ហាញអំពីភូមិសាស្ត្រដែលដំណើរការនយោបាយឈ្នះឈ្នះខ្នាតតូចផងដែរ។ ការរៀបចំនេះ ក៏ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ និងដំណើរការព្រមទាំងរៀបចំលក្ខណៈវិនិច្ឆ័យ ដើម្បីជាស្ថាបត្យកម្មថ្មីមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់ការកសាងជាបន្តទៀតនូវហេដ្ឋរចនា សម្ព័ន្ធជាតឹកតាងនៃសន្តិភាពជាគោល និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ និងជាមរតកសម្រាប់បន្តវេនដោយសម្តេចធិបតី។

ប្លង់សួនតេជោសន្តិភាព បានរចនាឡើងក្នុងសណ្ឋានទម្រង់រាងគូថខ្យង លើផ្ទៃក្រឡា ២៩ម៉ែត្រ គុណ២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ ៩តឹក ១ហ៊ុន ១លី។ សួនតេជោសន្តិភាព បែងចែកជា៣ផ្នែកសំខាន់ៗរួមមាន៖

*ផ្នែកទី១៖ បរិវេណខាងក្រៅជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង។

*ផ្នែកទី២៖ សណ្ឋានទម្រង់គូថខ្យង ដែលបានរៀបជំខ្លឹមសារសិលាចារឹកទៅតាមរចនាបថវិមានឈ្នះឈ្នះ ដែលមានផ្ទាំងសិលាចារឹកសរុប១៨ផ្ទាំង មានសណ្ឋានជាត្របកឈូកលម្អដោយភ្ញីអង្គរឆែក លំនាំរូបនាគ និងថ្មគោលចំនួន២១ ដែលជាគ្រឿងលម្អស្ថាបត្យកម្មត្រូវបានប្រើប្រាស់តាំងពីសម័យបុរាណជាពិសេសប្រើប្រាស់នៅតាមច្រកចូលប្រាសាទដូចជា៖ ប្រាសាទព្រះវិហារ និងប្រាសាទព្រះខ័នជាដើម។ ផ្ទាំងសិលាចារឹក និងថ្មគោលនេះធ្វើឡើងពីថ្មភក់។

*ផ្នែកទី៣៖ ស្នូលកណ្ដាលដែលជាតួនៃសួនរៀបចំសាងសង់ឡើងជាស្តូហូបដែលបែងចែកជា ៣ថ្នាក់៖

-ថ្នាក់ទី១ មាន៣ជ្រុងនឹងកម្ពស់ ២ម៉ែត្រ ៦តឹក ៩ហ៊ុនតំណាងឱ្យការធានា៣យ៉ាង។
-ថ្នាក់ទី២ មាន៥ជ្រុងនឹងកម្ពស់ ២ម៉ែត្រ ៧តឹកតំណាងឱ្យយុទ្ធសាស្ត្រ DIFID។
-ថ្នាក់ទី៣ មាន៧ជ្រុងនឹងកម្ពស់ ២ម៉ែត្រតំណាងឱ្យកត្តាទាំង ៧ដែលនាំមកនូវជ័យជម្នះ។ ស្នូលកណ្តាលនៃសួននេះត្រូវបានសាងសង់ឡើងពីបេតុងអាមេ ហើយបិទភ្ជាប់ទៅដោយផ្ទាំងចម្លាក់ធ្វើអំថ្មភក់។

សួនតេជោសន្តិភាព ត្រូវបានសាងសាង់ឡើងដោយប្រើប្រាស់សម្ភៈ និងធនធានផ្សេងៗរួមមាន៖ សួនច្បារខាងក្រៅប្រើប្រាស់ ថ្មដុះអស់ចំនួន ១៧០ម៉ែត្រការ៉េ, កម្រាលផ្លូវដើរ នឹងកម្រាលតាមថ្នាក់នីមួយៗប្រើប្រាស់ថ្មភក់ ដែលមានទំហំ ៦តឹក គុណ៦តឹក កម្រាស់ ៣ហ៊ុន ចំនួន៨០០ម៉ែត្រការ៉េ សរុបជាថ្មស្មើនឹង ២៤ម៉ែត្រគូប។

ផ្ទាំងសិលាចារឹកចំនួន ១៨ផ្ទាំងដែលមាន៖ ផ្ទាំងសិលាចារឹកមានទំហំ ១.២ម៉ែត្រ កម្ពស់ ១.៦៥ម៉ែត្រ កម្រាស់០.១២ម៉ែត្រ ជើងទម្រមានទំហំ បណ្តោយ ១.៣ម៉ែត្រ ទទឹង០.៥ម៉ែត្រ នឹងកម្ពស់០.៣៥ម៉ែត្រ ប្រើប្រាស់ថ្មសរុបអស់ចំនួន ១២ម៉ែត្រគូប។ ថ្មគោលមានចំនួន ២១ដើមដែលមាន៖ ថ្មគោលមានទំហំ ០.៥ម៉ែត្រ គុណ ០.៥ម៉ែត្រ កម្ពស់ ១.២ម៉ែត ជើងទម្រមានទំហំ ០.៥៦ម៉ែត្រ គុណ ០.៥៦ម៉ែត កម្ពស់ ០.៣ម៉ែត ប្រើប្រាស់ថ្មសរុបអស់ចំនួន ៩ម៉ែត្រគូប៕