(កំពង់ចាម)៖ លោក គឹម បូរ៉ាឌី ត្រូវបានផ្ទេរមុខតំណែងពីអភិបាលរងស្រុកព្រៃឈរ ជាអភិបាលរងស្រុកជើងព្រៃ និងលោក សួន ម៉ាដែន ជានាយករដ្ឋបាលស្រុកជើងព្រៃ ជំនួសលោក អូន សំអុល។

ពិធីប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសាលាស្រុកជើងព្រៃ ក្រោមអធិបតីភាពលោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម។

លោក ហាន កុសល បានថ្លែងថា មូលដ្ឋានស្រុកជើងព្រៃ មានការអភិវឌ្ឍន៍ រួមទាំងសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវសមិទ្ធផលនានាជាបន្តបន្ទាប់ ដូចជាផ្លូវ ស្ពាន ប្រឡាយទឹក។
ទន្ទឹមនឹងនេះអាជ្ញាធរស្រុកបានពន្យល់ដល់ប្រជាពលរដ្ឋឲ្យមានករយល់ដឹង នៃការថែទាំសុខភាព ថែមទាំងប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនឡើងក្នុងការបញ្ជូនកូនបានទៅសាលារៀន, ការយល់ដឹងអំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដែលធ្វើឲ្យមានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ មានការខិតខំប្រឹងប្រែងរកចំណូល ដើម្បីកាត់បន្ថយភាពក្រីក្ររនៅក្នុងគ្រួសារ តាំងពីរង្វង់ប្រមាណ១៦ភាគរយ ក្នុងឆ្នាំ ២០១៨ រហូតមកដល់ក្នុងរង្វង់ប្រមាណ១៤ភាគរយ ក្នុងឆ្នាំ២០២២កន្លងទៅ ដើរទាំងនេះគឺកើតចេញពីការអនុវត្តការងាររបស់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំទាំងអស់គ្រប់វិស័យគ្រប់ផ្នែកក្នុងស្រុកជើងព្រៃ។

លោកអភិបាលរងខេត្ត បានយកឱកាសនោះសម្ដែងនូវអំណរគុណ និងកោតសរសើរអាជ្ញាធរស្រុកជើងព្រៃ សម្រាប់ភាពជាអ្នកដឹកនាំ ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែង អភិវឌ្ឍន៍ស្រុកជើងព្រៃ រហូតទទួលបានសមិទ្ធផលជាច្រើន ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ សាធារណៈជាធំ។

លោកអភិបាលរងខេត្ត បានថ្លែងបញ្ជាក់ថា មន្ត្រីរាជការសាធារណៈទាំងអស់ ហ៊ានធ្វើអ្វីៗ ដើម្បីខិតខំដោះស្រាយបញ្ហាជូនប្រជាជន ជនមានពិការភាព ជនក្រីក្រ ដោយគ្មានការរើសអើង និងហ៊ានធ្វើអ្វីទាំងអស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពលរដ្ឋនៅឯមូលដ្ឋាន៕