(ស្វីស)៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (Coordinating Committee) ឆ្នាំ២០២៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ដើម្បីពិនិត្យឡើងវិញនូវដំណើរការនៃការអនុវត្តអនុសញ្ញា ជំរុញការសម្របសម្រួលរវាងគណៈកម្មការទាំងបួន រួមមាន៖ (១)គណៈកម្មការអនុវត្តមាត្រា៥ -ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស (២)គណៈកម្មការជំរុញអនុលោមភាព (៣)គណៈកម្មការជំរុញកិច្ចសង្គ្រោះជនរងគ្រោះ (៤)គណៈកម្មការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្តល់ជំនួយ និងរៀបចំយុទ្ធសាស្រ្តជំរុញសកលភាវូបនីយកម្មអនុសញ្ញា ព្រមទាំងជំរុញការអនុវត្តបទដ្ឋានអនុសញ្ញា។

ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាអំពីកិច្ចការសំខាន់ៗរួមមានការផ្តល់របាយការណ៍របស់រដ្ឋភាគី ការបញ្ចូលសកម្មភាពយែនឌ័រទៅក្នុងសកម្មភាពមីន ការអនុវត្តមាត្រា៥(ការបោសសម្អាតមីន) កិច្ចសង្រ្គោះជនរងគ្រោះ និងការជំរុញកិច្ចសហការ និងការផ្តល់ជំនួយ ជាដើម។ លទ្ធផលនៃកិច្ចប្រជុំ នឹងត្រូវយកមកពិនិត្យពិចារណា និងប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ សម្រាប់ត្រៀមខ្លួនឆ្ពោះទៅកាន់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ជាពិសេសសម្រេចឱ្យបាននូវគោលដៅអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

កិច្ចប្រជុំគណៈកម្មការសម្របសម្រួលនៃអនុសញ្ញាអូតាវ៉ា មានការចូលរួមពីប្រធាននិងសមាជិករបស់គណៈកម្មការទាំងបួន និងតំណាងប្រទេសជារដ្ឋភាគី និងអង្គការអន្តរជាតិ រួមមាន អូស្រា្តលី កូឡុំប៊ី ស៊ុយអែដ អង់គ្លេស ស្លូវេនី សំប៊ី បូគីណាហ្វាសូ ហូឡង់ អាហ្វ្រិកខាងត្បូង ប៉េរូ ន័រវេស្ស អាល្លឺម៉ង់ តួរគី ជប៉ុន អាល់ហ្សឺរី និងអង្គការ UNODA GICHD ISU ICRC ICBL៕