(ប៉ារីស)៖ នៅវិមាន Élysée នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក លុយ ដាវីត បានប្រគល់សារតាំងជូនលោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង តែងតាំងលោកជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង។

នាឱកាសនោះ លោក លុយ ដាវីត បានជួបសន្ទនាខ្លីជាមួយប្រធានាធិបតី ដោយបានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងកម្ពុជា និងបារាំង ដែលត្រូវបានលើកកម្ពស់ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត»

លោកក៏បានថ្លែងអំណរគុណដល់ប្រទេសបារាំងផងដែរ ដែលបានទទួលស្វាគមន៍ទស្សនកិច្ចរបស់ឥស្សរជនកំពូលកម្ពុជាដល់ទៅបីរូប ក្នុងរយៈពេលតែ ១៣ខែ រួមមាន ទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាផ្ទាល់អង្គព្រះមហាក្សត្រ កាលពីខែធ្នូ ឆ្នាំ២០២២, ព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី នាខែវិច្ឆិកា ឆ្នាំ២០២៣ និងទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីខែមករា ឆ្នាំ២០២៤។

វិវត្តចេញពីទំនាក់ទំនងជាប្រវត្តិសាស្រ្តក្នុងនាមជាប្រទេសអាណាព្យាបាល រហូតក្លាយជាប្រទេសដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជាលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ ទឹកស្អាត និងអន្តរកាលថាមពល បារាំងគឺជាប្រទេសទី១ នៅអឺរ៉ុប ដែលសម្តេចធិបតី បង្ហាញពីសារសំខាន់ក្នុងការបំពេញទស្សនកិច្ចផ្លូវការមុនគេ បន្ទាប់ពីសម្តេចត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីកាលពីខែសីហា ឆ្នាំ២០២៣។

វឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំងមានកម្រិតលើសពីរវាងប្រទេស និងប្រទេស ពោលគឺឈានដល់កម្រិតរវាងបុគ្គល និងបុគ្គល ប្រៀបដូចជាបងប្អូននឹងគ្នា ដោយសម្តេចតេជោបានចាត់ទុកលោកប្រធានាធិបតី Emmanuel Macron «ជាប្អូនធម៌» រីឯលោកប្រធានាធិបតីបារាំងវិញ បានបង្ហាញភាពស្និទ្ធស្នាល ដោយការហៅសម្តេចតេជោថា «មិត្តសម្លាញ់របស់ខ្ញុំ»