(ភ្នំពេញ)៖ ម្ចាស់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចុះបញ្ជិការបើកគ្រឹះស្ថានថ្មី រឺអ្នកមានបំណងចុះបញ្ជីធ្វើជាម្ចាស់សហគ្រាស អាចចូលធ្វើការចុះបញ្ជី និងពិនិត្យមើលនីតិវិធីផ្សេងៗទៀត បានតាមរយៈគេហទំព័រផ្លូវការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានដាក់កម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅលើប្រព័ន្ធអនឡាញនៅលើគេហទំព័ររបស់ក្រសួងការងារផ្ទាល់ ដើម្បីចុះបញ្ជិការអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការចុះបញ្ជីការ អនុញ្ញាតបើកសាខាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈប្រព័ន្ធអ៊ីនធើណេត ដែលមានភាពងាយស្រួលនិងចំណេញពេលវេលា។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានដាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចចូលទៅប្រើប្រាស់ និងពិនិត្យមើលនីតិវិធីផ្សេងៗ នៅលើប្រព័ន្ធអ៉ីនធើណេតដូចគ្នាផងដែរ។

គួរកត់សំគាល់ថា ការធ្វើទំនើបកម្មសេវាពាក់ព័ន្ធវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅលើប្រព័ន្ធអ៉ីនធើណេតនេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ជាពិសេសស្ថិតក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨របស់ក្រសួងការងារ ក្នុងការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន គ្រឹះស្ថានសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃអភិវឌ្ឍន៍ដើម្បីពង្រឹងគុណភាពការផ្តល់សេវាប្រឹក្សាយោបល់ និងមគ្គុទេសក៍អាជីពការងារ និងវិជ្ជាជីវៈតែម្តង។

សូមជម្រាបដែរថា ការធ្វើទំនើបកម្មលើវិស័យសេវាកម្មរបស់ក្រសួងការងារនេះ ក៏ដើម្បីផ្តល់ភាពងាយស្រួល និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា កាន់តែច្រើននា ពេលអនាគតផងដែរ។ សម្រាប់ព័ត៌មាននានា ម្ចាស់សហគ្រាស គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចទាក់ទងទៅកាន់លេខទូរស័ព្ទ ១២៩៧ រឺតាមរយៈអ៉ីម៉ែលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [email protected]